ភ្នំពេញ៖ អាជីវករលក់ក្រណាត់នៅផ្សារអូរឡាំពិក វ័យ៣៦ឆ្នាំម្នាក់ ដែលគេសង្ស័យថា មានវិបត្តិជំពាក់ប្រាក់គេ ច្រើនលើមុខជំនួញរបស់ខ្លួន បានយកកាំបិតទៅអារកភរិយាពីក្រោយ រួចចាក់សម្លាប់ខ្លួនឯងជាក្រោយ កាលពីម៉ោងជាង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤ នៅលើគេហឋានរបស់ខ្លួនស្ថិតក្នុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ហេតុការណ៍ដែលនារីជាភរិយាអះអាងថា ជាការធ្វើអត្តឃាតពីសំណាក់បុរសជាស្វាមី បានបង្កការភ្ញាក់ផ្អើលយ៉ាង ខ្លាំងពីសំណាក់ប្រជាពលរដ្ឋមានលំនៅឋានជិតកន្លែងកើតហេតុ តែសមត្ថកិច្ច មិនទាន់សន្និដ្ឋានយ៉ាងណានៅ ឡើយទេ ពោលកំពុងដាក់ការសង្ស័យច្រើនទៅលើករណីនេះ ហើយកំពុងបន្តធ្វើការពិនិត្យ និងស៊ើបអង្កេត។

រឿងរ៉ាវខាងលើមិនមានសាក្សីណាម្នាក់ បានឃើញ ឬដឹងពីដំណើររឿងយ៉ាងណានោះឡើយ ពោលពេលកើតហេតុ នៅក្នុងផ្ទះមានតែបុរសជាស្វាមី ដែលស្លាប់បាត់បង់ជីវិត និងភរិយាវ័យក្មេង ដែលកំពុងជួយសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី តែប៉ុណ្ណោះ។

បើតាមសាក្សី ដែលបានស្តាប់ឮការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិ របស់នារីជាភរិយា បានឲ្យដឹងថា នៅមុន ពេលកើតហេតុបុរសជាស្វាមី ឈ្មោះ ម៉េង រស់ អាយុ ៣៦ឆ្នាំ បានយកកាំបិទទៅចាប់អារកភរិយារបស់ខ្លួន ឈ្មោះ គីម អាយុ ២១ឆ្នាំ ពីក្រោយបណ្តាលឲ្យបាញ់ឈាមដួលសន្លប់ទៅលើឥដ្ឋក្បែរពួករបស់ខ្លួន។ ក្រុមគ្រួសារសាច់ញាតិ បានបន្តឲ្យ ដឹងទៀតថា ក្រោយពេលអារកភរិយារួចហើយ លោក ម៉េង រស់ នឹកស្មានថា ភរិយារបស់ខ្លួនស្លាប់ហើយ ក៏យក កាំបិតប្រើអារកភរិយានោះ មកចាក់លើខ្លួនឯងរហូតដល់ស្លាប់តែម្តង។

ប្រភពបន្តថា នារីជាភរិយា ក្រោយពីសន្លប់មួយសន្ទុះធំ ក៏ដឹងខ្លួនឡើងវិញ ហើយក៏ទូរស័ព្ទរកបងប្អូនដឹកបញ្ជូនទៅ សង្រ្គោះ និងបង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពមិនបញ្ជាក់នោះទេថា រឿងដ៏សោកសៅខាងលើ កើតឡើង ដោយសារមូលហេតុអ្វី។ តែមានប្រភពជាច្រើន បានអះអាង និងដាក់ការសង្ស័យផ្សេងៗគ្នាថា រឿងនេះ ផ្តើមចេញពីមុខជំនួញ ដោយសារបុរសជាស្វាមីទិញ ក្រណាត់មកស្តុកទុកច្រើនពេក លក់មិនចេញជំពាក់ប្រាក់គេច្រើន ក៏ចង់ផ្តាច់ជីវិតខ្លួនឯង និងភរិយា ដើម្បីគេច ចេញពីទុក្ខលំបាកក្នុងវាលវដ្តសង្សារនេះ។ តែអ្នកខ្លះទៀត បានសង្ស័យថា អាចផ្តើមចេញពីភ្លើងប្រច័ណ្ឌរបស់ស្វា មី ទៅលើភរិយាវ័យក្មេងរបស់ខ្លួន និងមានសម្រស់ស្រស់ស្អាតថែមទៀតនោះ។

រឿងរ៉ាវជាក់ច្បាស់យ៉ាងណា មានតែរង់ចាំការស៊ើបអង្កេតរបស់ក្រុមសមត្ថកិច្ច ក្រោយពេលនារីភរិយា មានអារម្មណ៍ ហ្នឹងនរ និងបានធូរស្បើយពីមុខរបួស ដើម្បីផ្តល់ឱកាសឲ្យសមត្ថកិច្ចបានសាកសួរលំអិតបន្តទៀត។

បើតាមប្រភពគូស្វាមី-ភរិយា នេះ ទើបតែបានរៀបមង្គលការសាងវាសនាជាមួយគ្នា នាអំឡុងពេលកន្លងទៅថ្មីៗ នេះ ។

សព្វបុរសជាស្វាមី ត្រូវបានសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្វាយដង្គំ ខណ្ឌ៧មករា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល