ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចដាក់ពិន័យបញ្ឈរជើងអធិការរងនគរបាលខណ្ឌដង្កោម្នាក់ និងមន្ត្រីនគរបាល២រូបទៀត ពាក់ព័ន្ធនឹងករណីប្រើហិង្សាទៅលើមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាពអំពើពុករលួយ។

លោកឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍កាលនៅថ្ងៃនេះថា ក្រោយពីបានសិក្សា និងស្រាវជ្រាវរួច លោកបានសម្រេចដាក់ពិន័យទៅលើអធិការរងខណ្ឌដង្កោម្នាក់ នាយប៉ុស្តិ៍ម្នាក់ និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដោយការបញ្ឈរជើងនៅការិយាល័យបុគ្គលិកទៅតាមទោសកំហុសដែលបានប្រព្រឹត្ត។

តែយ៉ាងណា លោកនៅពុំទាន់អាចបញ្ជាក់បានទេថាតើការបញ្ឈរជើងនៅនឹងធ្វើឡើងរយៈពេលប៉ុន្មាននោះ។ លោកថា៖ «យើងបានសម្រេចបញ្ឈរជើងពួកគាត់ហើយ យើងមើលទៅលើកំហុសរបស់ពួកគាត់ទៅតាមវិន័យកងកម្លាំងនគរបាល ត្រូវបញ្ឈរជើងរយៈពេលប៉ុន្មានយើងនឹងពិនិត្យទៅតាមកម្រិតនៃកំហុសនោះ ឥឡូវកំពុងពិចារណាលើរឿងហ្នឹង»។

កាលពីថ្ងៃទី១០ ខែមេសា មន្ត្រីកិច្ចសន្យានៃអង្គការភាពប្រឆាំងអំពើពុករលួយម្នាក់ លោក ឃឹម ខុម អាយុ ៦៤ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើសុំប្តឹងមន្ត្រីនគរបាលជាអធិការរងនគរបាលខណ្ឌដង្កោ ឈ្មោះ នាក់ ណារ៉ូ និងមន្ត្រីនគរបាលប៉ុស្តិ៍ដង្កោចំនួន ៤នាក់ ដែលបានប្រើអំពើហិង្សាទៅលើរូបលោកកាលពីថ្ងៃទី៩ មេសា នៅចំណុច វត្តព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដោយសារតែការច្រឡំករណីគ្រោះថ្នាក់ចរាចរណ៍។

ក្នុងពាក្យបណ្តឹងនោះ លោកឃឹម ខុម បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុ ខណៈដែលលោកកំពុងបើករថយន្តតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត បានបើកមកកៀររថយន្តរបស់លោកបណ្តាលឲ្យខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្តនោះទេដោយសារតែរថយន្តនោះបានបើកលឿនពេក។

លោកបន្តថា ភ្លាមៗនោះស្រាប់តែមានរថយន្តនិងម៉ូតូជាច្រើនគ្រឿង បានបើកដេញពីក្រោយរហូតតាមរថយន្តលោកតាន់នៅវត្តព្រែកថ្លឹង ហើយក៏បានប្រើហិង្សាវាយទៅលើរូបលោកបណ្តាលឲ្យរងរបួស។

ក្នុងពាក្យបណ្តឹងនោះ លោក ឃឹម ខុម បានស្នើដល់ស្នងការនគរបាលរាជធានីភ្នំពេញ ផ្តន្ទាទោសជនប្រព្រឹត្តឲ្យបានធ្ងន់ធ្ងរតាមច្បាប់ និងទាមទារសំណងចំនួន ៥ម៉ឺនដុល្លារ។

លោក ឃឹម ខុម ដែលអះអាងជាជនរងគ្រោះក្នុងហេតុការណ៍នោះ បានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា ការសម្រេចបញ្ឈរជើងមន្ត្រីនគរបាលខណ្ឌដង្កោទាំង៣រូបនោះ គឺជាការសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែរូបលោកគ្រោងនឹងដាក់ពាក្យបណ្តឹងបន្តទៅសាលាដំបូងរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។

លោកថា៖ «បើច្បាប់កំណត់ត្រឹមដាក់ពិន័យបញ្ឈរជើង អាហ្នឹងអាស្រ័យលើច្បាប់នគរបាល ខ្ញុំក៏មិនដឹងថាច្បាប់កំណត់យ៉ាងណាដែរ ព្រោះខ្ញុំមិនមែនជាអ្នកច្បាប់ ហើយណាមួយខាងស្នងការក៏មិនទាន់ឃើញហៅខ្ញុំទៅសួរនាំរឿងហ្នឹងនៅឡើយដែរ តាំងពីខ្ញុំដាក់ពាក្យបណ្តឹងរួចមក អីចឹងខ្ញុំអាចនឹងដាក់ពាក្យបណ្តឹងទៅតុលាការទៀត» ៕

ប្រភព ៖ khmertimes