ភ្នំពេញ ៖ ក្រោយពីមាន ឧបទ្ទវហេតុធ្លាក់ដែក ចំក្បាលបណ្តាល ឲ្យស្ត្រីវ័យជាង ៤០ម្នាក់ស្លាប់ ភ្លាមៗ នាការដ្ឋានសាងសង់ Olympia City របស់ក្រុមហ៊ុន OCIC ជាប់នឹងស្តាត អូឡាំពិកកន្លងមក ក្រសួងរៀប ចំដែនដី បានសម្រេចផ្អាក ជាបណ្តោះអាសន្ន នូវសំណង់អគារ មួយនេះមួយរយៈពេលសិន ដើម្បីធ្វើការ ស្រាវជ្រាវពីមូលហេតុនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅការដ្ឋានសាងសង់ Olympia City របស់ក្រុមហ៊ុន OCIC អគារ S3 C3 នៅពេលក្រុមជាង និងកម្មករ កំពុងដោះពុម្ពបេតុងកម្រាលជាន់ ទី១៣ បានធ្វើឲ្យកំណាត់ដែកជ្រុងប្រហោងមានទំហំមុខកាត់ ៥០X៥០ ម.ម. ប្រវែងជាងមួយម៉ែត្រ ធ្លាក់មកក្រោមហើយប៉ះនឹងកម្រាលរានហាលជាន់ ទី១២ ខ្ទាតធ្លាក់ចេញមក ក្រៅ លើដងផ្លូវ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់អាយុជាង៤០ឆ្នាំ ដែលកំពុងធ្វើដំណើរតាមផ្លូវ។

សេចក្តីប្រកាសព័ត៌មាន បន្តថា “ពាក់ព័ន្ធនឹងហេតុការណ៍ ដែលកើតឡើងជាយថាហេតុនេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពក្រោមឱវាទដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី បាន ចុះទៅពិនិត្យ និងផ្អាកការដ្ឋានសំណង់ ដែលមានឧបទ្ទវហេតុនេះជាបន្ទាន់ ដើម្បីឲ្យអង្គភាពជំនាញ ពាក់ព័ន្ធទាំងអស់ស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ និងមានវិធានការ”។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយកើតរឿង ក្រសួងក៏បានកោះហៅម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ មកធ្វើការណែនាំឲ្យអនុវត្តតាមច្បាប់ បទដ្ឋានគតិយុត្ត ពិសេសឲ្យមានការរៀបចំ ត្រួតពិនិត្យ ការដ្ឋានឲ្យបានត្រឹមត្រូវឡើងវិញសិន មុននឹងបន្តដំណើរការសាងសង់តទៅទៀត។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កន្លងមក បន្ទាប់ពីទទួលបានការអនុញ្ញាត ឲ្យសាងសង់នូវអគារ Olympia City ម្ចាស់ក្រុមហ៊ុន បានផ្តិតមេដៃ គោរពនូវបទបញ្ជា និងកាតព្វកិច្ចដែលរាជដ្ឋាភិបាលបានដាក់លក្ខខណ្ឌថា ក្រុមហ៊ុនត្រូវធានាសុវត្ថិភាពនៅក្នុង និងក្រៅការដ្ឋាន ដូចជានៅពេលសាងសង់ ម្ចាស់សំណង់ត្រូវរកក្រុមហ៊ុនសំណង់ដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បំពាក់ប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ ការរក្សាសុវត្ថិភាពអគារជិតខាង និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ត្រូវគោរពឲ្យបានត្រឹមត្រូវតាមប្លង់ដែលបានអនុញ្ញាត ត្រូវអនុវត្តតាមប្រកាសលេខ ៣២ ប្រក/សណ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់ បទប្បញ្ញត្តិបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការសាងសង់។ ម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ត្រូវគោរពច្បាប់ស្តីពីការធានារ៉ាប់រង គឺការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងត្រូវមានលិខិតធានារ៉ាប់រងដែលបានចុះបញ្ជីត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់អ្នកអភិវឌ្ឍអចលនវត្ថុ, ម្ចាស់សំណង់, ទីប្រឹក្សាគម្រោងប្លង់, ក្រុមហ៊ុនសាងសង់, អ្នកផ្គត់ផ្គង់សម្ភារៈសំណង់, អ្នកប្រកបវិជ្ជាជីវៈជំនាញសំណង់ ត្រូវសហការអនុវត្តខ្លឹមសារ នៃបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់ឲ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ មានឧបទ្ទវហេតុ ធ្លាក់ដែកជ្រុងប្រវែងជាង១ម៉ែត្រ បានធ្លាក់ពីលើអគារកំពុងសាងសង់ ស្ថិតនៅជាប់របងស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយចំក្បាលស្រ្តីម្នាក់ឈ្មោះ ប៊ុត វណ្ណី អាយុជាង ៤០ឆ្នាំ បណ្តាលឲ្យពុះក្បាលជាពីរបែកចេញខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីនោះមក ប៉ូលិសបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ដើម្បីធ្វើការសួរនាំពាក់ព័ន្ធនឹងករណីមួយនេះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល