ភ្នំពេញ៖ក្រុមអ្នកលក់ដូរទាំងចាស់ទាំងក្មេង ដែលមានជីវភាពក្រខ្សត់ បានសម្តែងការព្រួយ បារម្ភរបស់ខ្លួន ចំពោះការបាត់បង់មុខរបរប្រចាំថ្ងៃ របស់ពួកគេ បន្ទាប់ស្ពានអ្នកលឿងដែលជា ស្ពានស្រស់ស្អាតជាងគេនៅក្នុងប្រទេស ឆ្លងកាត់ទន្លេមេគង្គ នឹងបញ្ចប់ការកសាង ជាស្ថាពរនៅអំឡុងខែមិនាឆ្នាំ២០១៤ខាងមុខ។

ស្រ្តីវ័យកណ្តាលម្នាក់ឈ្មោះ ស្រីមុំ ក្នុងដៃកំពុងកណ្តៀតកញ្រ្ចែង លក់ពុទ្រា នៅសាឡាងនាកំពង់ចម្លងអ្នកលឿង ដែលមមាញឹកក្នុងការពពាយនាយលក់នោះ បានប្រាប់ឲ្យដឹងថា ខ្លួនពិបាកចិត្តណាស់ដោយសារតែស្ពានអ្នកលឿងជិតកសាងចប់ ហើយសាឡាងនឹង ឈប់ដំណើរការ ហើយការលក់នោះ នឹងបញ្ចប់ជាមួយនឹងការកសាងស្ពាន ព្រោះមិន ដឹងជាលក់នៅទីណាទេ។

អ្នកស្រី បានបន្តថា មិនដឹងជាទៅរកស៊ីអ្វីទៀតទេ ព្រោះស្ពានអ្នកលឿងថ្មីនេះ មិនមានចំណត់ រថយន្ត ម៉ូតូសម្រាប់លក់ដូរទេ ។

ស្រ្តីខាងលើបន្តថា សព្វថ្ងៃនេះ អ្នកស្រីមានកូន២នាក់នៅបន្ទុក ហើយបានប្រកបរបរលក់នេះ កំប៉ិកកំបុកនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ។

ចំណែកអ្នកស្រី ចាន់ ធា ដែលជាអ្នកលក់ចង្រិតលីង បានប្រាប់ដោយ ទឹកមុខក្រៀមក្រំ រកកលចង់យំ ដោយសារតែពិបាកចិត្តចំពោះ ការបាត់បង់មុខរបរថា មិនដឹងជាទៅរក ស៊ីអ្វីនោះទេ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃព្រោះកូនតូចៗ នៅក្នុងបន្ទុករហូតដល់៦នាក់។

អ្នកស្រីបន្តថា បន្ទាប់ពីស្ពានសង់រួចហើយអ្នកស្រីមាន តែទៅស៊ីឈ្នួល ដកដំឡូងឲ្យគេ នៅប៉ៃលិនចោលកូនចៅ ឲ្យនៅផ្ទះហើយ។ ដោយឡែកក្មេងស្រី មានវ័យប្រហែល ជា១៦ឆ្នាំលក់លៀសហាលបាននិយាយថា បន្ទាប់ពីស្ពានសាងសង់រួចហើយ ខ្លួននឹងទៅធ្វើជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ ដើម្បីបានថវិកាយក មកទ្រទ្រងនៅក្នុងគ្រួសារ។

សូមបញ្ជាក់ថា ស្ពានអ្នកលឿងដែលជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន នឹងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ទី១នៃខែមេសា ឆ្នាំ២០១៥ខាងមុខ មុនបុណ្យចូលឆ្នាំខ្មែរ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល