ស៊ីអិនអិន៖ ប៉ូលិសក្រុង ឌីដ្រត់ សហរដ្ឋអាម៉េរិក បាននិយាយថា ក្មេងស្រីដែលមានអាយុ ០៤ឆ្នាំ ម្នាក់ បានយក កាំភ្លើងបាញ់ ក្មេងប្រុសអាយុ ០៤ឆ្នាំម្នាក់ទៀត ដែលត្រូវជា បងប្អូនជីដូនមួយ នឹង គ្នាស្លាប់ ខណៈពួកគេកំពុង លេងកំាភ្លើង។

យោងតាមគេហទំព័រ ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៤ថា ហេតុការណ៍ ផ្ទុះអាវុធនោះ បានកើតឡើងនៅ ថ្ងៃព្រហស្បតិ៍ នៅផ្ទះមួយ ដែលស្ថិតនៅ ភាគខាងលិចទីក្រុង ឌីដ្រត់ រដ្ឋ មីឆីហ្គាន់ សហរដ្ឋអាម៉េរិក។

មេប៉ូលិសរងទីក្រុង ឌីដ្រត់ លោក រ៉ត់នី ចនសុន បាននិយាយថា នៅក្នុងហេតុការណ៍នោះ មាន ក្មេងទំាងអស់ ចំនួន ០៣នាក់ ពួកគេសុទ្ធសឹងតែជា បងប្អូនជីដូនមួយនឹងគ្នា។ ចំណែកប៉ូលីសខាង ព័ត៌មានសាធារណៈរបស់ទីក្រុង ឌីដ្រត់ លោក អាដាំ ម៉ាឌ័ររ៉ា ក៏បានលើកឡើងផងដែរថា នៅមុន ពេលកើតហេតុ ក្មេងទំាងនោះ បានរកឃើញ កាំភ្លើងវែងមួយដើម ដែលទុកនៅក្រោមគ្រែ បន្ទាប់ មកពួកគេបានទាញចេញមកលេងតែម្តង។

លោក ម៉ាឌ័ររ៉ា បានបន្តថា «ឆ្លងតាមរយៈការស៊ើបអង្កេត នៅពេលនេះវាបានបង្ហាញថា នេះជា សោកនាដកម្ម មួយ»។

ប៉ូលិសនិយាយថា នៅក្នុងហេតុការណ៍ មានក្មេងជំទង់ម្នាក់នៅជាមួយ ប៉ុន្តែក្មេងនោះ ជាមិត្តភក្តិ គ្រួសារនោះ ដោយ គេមិនជាប់ទាក់ទងនឹងក្មេងទំាងនោះទេ ហើយវាលឿនពេក ក្នុងការចោទ ប្រកាន់ ដាក់បន្ទុកពាក់ព័ន្ធនឹង ករណីនេះ។

សូមបញ្ជាក់ថា នៅសហរដ្ឋអាម៉េរិក មានហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងជាច្រើនដង មកហើយដូចជា កាលពីខែតុលាកន្លងទៅ មានអ្នកស៊ីឈ្នួលមើលក្មេងម្នាក់ នៅរដ្ឋ តិចសាស់ ត្រូវ បានគេចោទប្រកាន់ បន្ទាប់ពីក្មេងប្រុសអាយុ ០៥ម្នាក់ បានបាញ់សម្លាប់ខ្លួនឯង ហើយកាលពីពីរ សប្តាហ៍មុន ក្មេងស្រីអាយុ ០២ឆ្នាំម្នាក់ បានបាញ់ ខ្លួនឯងបណ្តាលឲ្យស្លាប់ នៅទីក្រុង ហ្វាយយីតា វ៉េល រដ្ឋ ណត ការ៉ូលីណា ចំណែកឪពុកក្មេងនោះ ក៏បានរង ការចោទប្រកាន់ពាក់ព័ន្ធនឹងការ ធ្វើ មនុស្សឃាត ដោយអចេតនាផងដែរ។ ចំណែកកាលពីខែសីហាកន្លងទៅ មានក្មេងប្រុសម្នាក់អាយុ ០៣ឆ្នាំ រស់នៅទីក្រុង ដុនឌី រដ្ឋ មីឆីហ្គាន់ បានយកកាំភ្លើងដៃបាញ់ចាំក្បាល ខ្លួនឯង ស្លាប់ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល