(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ពីបរាជ័យ នៃនយោបាយការបរទេសមួយចំនួនរបស់លោកជាពិសេសគឺសង្រ្គាមស៊ីរីតែម្ដង ប៉ុន្តែព្រមពេលជាមួយគ្នា លោក អូបាម៉ា នៅតែអះអាងថាសហរដ្ឋអាមេរិកគឺជាមហាអំណាចលេខ១ នៅលើពិភពលោកហើយគូប្រជែងដូចជាចិននិងរុស្ស៊ី គ្មានសមត្ថភាពអ្វីមកប្រកួតប្រជែងនឹងសហរដ្ឋអាមេរិកបាននោះឡើយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

ការលើកឡើងរបស់លោក អូបាម៉ា ដូចខាងលើនេះធ្វើឡើងនៅក្នុងឱកាសថ្លែងសុន្ទរកថាជាលើកចុងក្រោយ នៅថ្ងៃអង្គារម្សិលមិញនៅឯទីក្រុង Chicago។ លោក អូបាម៉ា កត់សម្គាល់ដូច្នេះថា «គូប្រជែងដូចជារុស្ស៊ី ឬមួយក៏ចិនមិនអាចប្រៀបធៀបនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោកបានឡើយ (...) ត្បិតយើងមិនដែលបោះបង់ចោលអ្វីដែលយើងត្រូវការពារនោះទេ ហើយយើងក៏មិនមែនត្រឹមតែជាប្រទេសមហាអំណាចចូលចិត្តដើរគំរាមប្រទេសតូចៗនោះដែរ»។ លោក អូបាម៉ា បន្ថែមថា «បើសិនជាការគោរពនីតិរដ្ឋនៅតែបន្តធ្លាក់ចុះ ខណៈលទ្ធភាពសង្រ្គាមរវាងប្រទេសនិងប្រទេសមានការកើនឡើងនោះប្រាកដណាស់ថា វាគឺជាការគំរាមកំហែងដល់សេរីភាពរបស់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា នៅក្រោមរដ្ឋបាលលោក អូបាម៉ា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានទទួលរងនូវភាពតានតឹងយ៉ាងខ្លំាងក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ក៏ដូចជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទីក្រុងមូស្គូ សម្រាប់ការលូកដៃចូលក្នុងជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយជាងនេះទៅទៀតកាលពីពេលថ្មីៗនេះ លោក អូបាម៉ា ក៏បានសម្រេចចិត្ត បណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីសហរដ្ឋអាមេរិកផងដែរ ដោយសារតែរឿងជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក បើទោះបីជារុស្ស៊ីបានបដិសេធជាច្រើនដងហើយក៏ដោយ៕