ភ្នំពេញ ៖ នារី៣នាក់ ត្រូវបានជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងជិះ ម៉ូតូស្កូបពី ធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូសេ ១២៥ ស៊េរី ឆ្នាំ២០១៥ មួយគ្រឿង ហើយគេចខ្លួនបាត់ ដោយមិនរំខានដល់សមត្ថកិច្ច។ ហេតុ ការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពានអាកាស ៧ មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

យោងតាមជនរងគ្រោះឈ្មោះ ឃឹម ធីដា អាយុ២១ឆ្នាំ ជាកម្មករោងចក្រ បានរៀបរាប់ថា មុនពេលកើតហេតុ រូបគេ និងមិត្តភក្តិ ២នាក់ទៀត បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បានជិះមកពីញាំអី នៅម្តុំផ្សារសូរិយា ហើយ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុច គល់ស្ពានអាកាស៧មករា ខាងកើត ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពី មិនចាំស្លាក លេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកក្បែរហើយគៀរឲ្យឈប់ និងដកកាំភ្លើងមកភ្ជង់គំរាមយកម៉ូតូ ហើយនាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីជនសង្ស័យបានភ្ជង់ប្លន់យកម៉ូតូ ជិះចេញប្រហែល៣០ម៉ែត្រ ជនរងគ្រោះ ស្រែកឆោ ឡោឡើង តែមិនមានសមត្ថកិច្ចណាម្នាក់ចេញមុខមកអន្តរាគមន៍នោះទេ ទាំងហេតុការណ៍នេះ បានកើតឡើង នៅជិត ប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកល្អក់ទី១ក៏ដោយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីសុំឲ្យ សមត្ថកិច្ចតាមចាប់ ជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល