ភ្នំពេញ ៖ តាមវចនានុក្រម របស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឲ្យដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុង ស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សមដាក់ចេក ណាំវ៉ាទុំទាំងមូលជាស្នូល ។ អន្សមជ្រូក គឺដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង គឺដាក់ខ្ទិះដូង ឬសាច់ ដូងទុំកោសលាយផង ។អន្សមអាំង ជាអន្សមដែលចម្អិនដោយអាំង ។ល។ ចំណែក «នំគម» វិញ មាន សណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬសណ្ដែកស្បាត់ស្ករ ខ្ចប់ដោយស្លឹក ចម្អិនដោយ ចំហុយ ។

នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរតាំងពីបុរាណសម័យមកហើយ។នំនេះ គេឃើញមាននៅក្នុង ពិធីបុណ្យទានរបស់ខ្មែរនានាដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធី បុណ្យភ្ជុំបិណ្ឌ ។ យោងតាមឯកសារមួយចំនួន បានឲ្យដឹងថា ក្នុងសម័យព្រះបាទ ជ័យវរន្ម័ទី៧ ប្រទេសកម្ពុជា ប្រកាន់ សាសនាព្រហ្មញ្ញ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើន តែងតែមានទំនាក់ទំនង នឹងសាសនាតួ យ៉ាង នំអន្សមនេះជាដើម ។

ក្នុងសាសនាព្រហ្មញ្ញនំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ចំណែកឯនំគម គឺតំណាងឲ្យ យោនី (ប្រដាប់ភេទ) នាងឧមាដែលជា ព្រះមហេសីរបស់ព្រះឥសូរ។ លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមាន រាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញលិង្គព្រះឥសូរ ដាក់ពីលើយោនីនាង ឧមាឬនាង ទួគ៌ា។ ម្លោះហើយទើបខ្មែរ យើងតែងតែឃើញនំអន្សមនេះ ក្នុងពិធីបុណ្យទានអមជាមួយនឹង “នំគម” ដែលជានំ ប្រពៃណីខ្មែរផងដែរ ។

តាមឯកសារ របស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា ព្រះសិវៈ ឬព្រះឥសូរនេះ គឺជាទេវតាចម្បងមួយអង្គ ក្នុងចំណោមទេវៈចម្បង ទាំង៣នៃទ្រីស្តីត្រីម៌ូតិ ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនា។ យោងលើប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថានៅដើមស.វ.ទី១ នៃគ.ស. បានបញ្ជាក់ថា ប្រជានុរាស្ត្រខ្មែរ នាសម័យបុរាណនោះ មានការពេញនិយម ព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗ ឯទៀតដែលសុទ្ធសឹង តែមានប្រភពមកពី ឥណ្ឌាទាំងអស់ ។

បើនិយាយមួយបែបទៀត ក្នុងការគោរពបូជា លទ្ធិព្រហ្មញ្ញខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀត ព្រះនា រាយណ៍ (ព្រះវិស្ណុ, ពិស្ណុ) ក៏ប៉ុន្តែជាទូទៅ ការនិយមបេតីប្រតិបត្តិ ព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិត ខ្ពស់ជាងព្រះអាទិទេពផ្សេងៗទៀត ។ ម្យ៉ាងវិញទៀត ទន្ទឹមនឹងនេះក៏យើង បានសង្កេតឃើញ មានការ គោរពបូជាព្រះពុទ្ធសាសនា ផងដែរ ។

ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺ ព្រះលិង្គដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយ របស់ព្រះសិវៈដែលបង្ហាញឲ្យឃើញ នូវអាទិភាពព្រះអាទិទេពអង្គនេះក្នុងសង្គមខ្មែរ ។ ចម្លាក់នៃព្រះអាទិទេព ចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) ម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្ស មានផ្នួងសក់ហើយ មានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្ស មាន ភ្នែកបីលំអដោយចំណិត ព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម ។

ពាក់ព័ន្ធនឹងប្រវត្តិរបស់ព្រះអាទិទេពអង្គនេះ យើងក៏អាចដឹងទៀតថា ព្រះសិវៈ មានព្រះអគ្គមហេសីពីរ ព្រះអង្គ គឺព្រះនាងឧមា និងព្រះនាងគង្គា (ទូគ៌ា) ។ គេក៏បានបន្ថែមទៀតថា តាមព្រះសកម្មភាពផ្សេងៗ ក្នុងប្រវត្តិព្រះមហេសីរបស់ទ្រង់អាច មានព្រះនាមផ្សេងៗឯទៀត ដូចជាកាលីទុគ៌ាជាដើម និងមានព្រះ រាជបុត្រពីរ គឺព្រះស្កន្ននិងព្រះគណេស ។

គប្បីរំលឹកឡើងវិញ ផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាង ឧមា ឬនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណី ដែលវិចិត្រករខ្មែរ យើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះ ដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធឬក៏ជាវត្ថុស័ក្តិសិទ្ធិ របស់ពួកព្រាហ្មណ៍ និកាយសិវៈផង ។ នេះជាការ សម្រេចចិត្តផ្ទាល់ខ្លួន របស់ព្រះឥសូរនាសម័យនគរភ្នំដុះចេញពីបេះដូង និងមនោសញ្ចេតនាដ៏ស្មោះ ស្ម័គ្រចំពោះព្រះសិវៈ ។ ទង្វើនេះក៏ជាលទ្ធផលនៃ ការជះឥទ្ធិពលឲ្យទាំងចក្រភពភ្នំ ប្រកបដោយសច្ចៈភាព ស្គាល់អំពើល្អ អាក្រក់បង្ហាញដល់ មនុស្សផងទាំងឡាយ ឲ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត ។ ម្យ៉ាង វិញទៀតជំនឿនេះ ក៏ប្រាកដជា បានផ្តល់នូវសក្តានុពលដ៏ សំខាន់ខាងសីលធម៌ សម្រាប់សង្គមជាតិ នាសម័យបុរាណនោះដែរ ។

និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឲ្យបានច្បាស់ លាស់ គឺមិនមែនប្រកាន់យក តែព្រះពុទ្ធសាសនា សុទ្ធសាធនោះទេ មានលាយឡំ ជាមួយជំនឿដើមរបស់ ខ្មែរ និងព្រហ្មញ្ញសាសនាផងដែរ។ ឧទាហរណ៍ៈ បើយើងនិយាយ ពីវត្តអារាមនៅប្រទេសកម្ពុជា គឺប្រជា ជនខ្មែរទូទៅយល់ថា ជាវត្តអារាមរបស់ ព្រះពុទ្ធសាសនា។ ប៉ុន្តែនៅក្នុងបរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ជនជាតិខ្មែរ ដែលជឿលើព្រលឹងដែលមិនសាបសូន្យ ទោះបីរូបរាងកាយស្លាប់បាត់ បង់ក៏ដោយ។ ចំណែកព្រះសង្ឃចេះ មន្តអាគមគាថា ចេះព្យាបាលជំងឺ ស្រោចទឹកបណ្ដោះគ្រោះជាដើម គឺជាសាសនាព្រាហ្មញ្ញ ។

ជាក់ស្តែង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុន្តែ ការវេចនំ អន្សម និងនំគមយកទៅវត្តនោះ គឺទាក់ទងនឹងជំនឿ របស់ព្រហ្មញ្ញសាសនាទៅវិញទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល