(អង់ការ៉ា)៖ កងទ័ពប្រតិបត្តិការពិសេស របស់ប្រទេសតួកគី គាំទ្រដោយយន្តហោះចម្បាំង មកពីសហរដ្ឋអាមេរិក បានរួមគ្នាចេញបេសកកម្មប្រយុទ្ធ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីកម្ចាត់មូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៉ីស្លាម ISIS នៅតំបន់ជាប់ព្រំដែនតួកគី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច នាថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

រដ្ឋាភិបាលតួកគី បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធនេះទៀតថា ពីដំបូងយោធាតួកគី បានចាប់ផ្តើមបើកការ វាយប្រហារដោយកាំភ្លើងធំ ទៅលើទីក្រុង Jarablus តាមព្រំដែនស៊ីរី ដែលបានធ្វើឡើងតាំងពីម៉ោង ១៖០០នាទី រំលងអាធ្រាតឈានចូលថ្ងៃពុធនេះ។ ផ្សែងហុយខ្មួលខ្មាញ់ចេញពីទីក្រុង ISIS ខាងលើនេះ ត្រូវបានសារព័ត៌មាន CNN ចាប់រូបភាពបាន ពីទីក្រុង Karkamis របស់ប្រទេសតួកគីផងដែរ។

គួរបញ្ជាក់ថា នេះជាការសងសឹកទ្រង់ទ្រាយធំ មួយរបស់តួកគី ដែលបានធ្វើឡើង ក្រោយពីបណ្តាញក្រុម ISIS បាន ធ្វើការវាយប្រហារមួយ ទីក្រុង Gaziantep នៅភាគអាគ្នេយ៍ប្រទេស នៅពេលប្រជាជន កំពុងរៀបចំពិធីរៀបការ យ៉ាងសប្បាយរីករាយ បែរជាមានគ្រាប់បែកផ្ទុះឡើងដ៏កក្រើក នាំឲ្យមនុស្សក្មេងចាស់ប្រុសស្រី ៥៤នាក់ស្លាប់ និង ជាង២០០នាក់ រងរបួស៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង