CamNews

ព័ត៌មានជាតិ 

ទុស្សេខ្សែភ្លើង ឆេះផ្ទះមួយខ្នង នៅពោធិ៍សែនជ័យ សល់តែគ្រោងឆ្អឹង (មានរួបភាព)

ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា នៅប្រមាណម៉ោងជាង ៣រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានករណី អគ្គិភ័យមួយ បានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិពង្រ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបណ្តាល ឱ្យខ្ទេចខ្ទី នៅសល់តែគ្រោងឆ្អឹង ។

តាមសម្តីរបស់សមត្ថកិច្ច បានឱ្យដឹងថា ផ្ទះនេះមានលក្ខណៈដាច់ដោយឡែកតែឯង ដោយសង់អំពីឈើផ្នែកខាងលើ និងថ្មផ្នែកខាងក្រោម ដំបូលប្រក់ក្បឿង ជារបស់ស្រ្តីមេម៉ាយម្នាក់ ឈ្មោះ ចាន់ អឿន អាយុ៦៧ឆ្នាំ ហើយការឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។ ក្នុងនោះ ម៉ូតូ២គ្រឿង (ស្កុបពី និង វីវ៉ា) ក៏ត្រូវបានបំផ្លាញ ដោយអគ្គិភ័យនេះផង ដែរ ។

ប្រភពខាងលើបានឱ្យដឹងថា មុនកើតហេតុ ស្រ្តីម្ចាស់ផ្ទះ មិនបាននៅផ្ទះនោះទេ ។ គាត់បានទៅផ្ទះអ្នកជិតខាង ប៉ុន្តែ បន្តិចក្រោយមក ស្រាប់តែមានករណីទុស្សេខ្សែភ្លើង នៅក្នុងផ្ទះរបស់គាត់បណ្តាលឱ្យភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះ ស្រ្តីម្ចាស់ផ្ទះ បានរត់មកមើលក៏ឃើញអគ្គិភ័យឆេះចេញភ្លើងធំបាត់ទៅហើយ ។ ប៉ុន្តែដោយសារតែតក់ស្លុតពេក គាត់ បានដួលសន្លប់នៅលើដី ។ ចំណែកអគ្គិភ័យក៏ចេះតែឆេះ ខ្លាំងឡើង អស់មួយសន្ទុះ បណ្តាលឱ្យផ្ទះនេះ នៅសល់តែ គ្រោងឆ្អឹង និងដំបូលប៉ុណ្ណោះ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP