CamNews

ព័ត៌មានអន្តរជាតិ 

សំឡេងដើម របស់ព្រះចៅ​អធិរាជ​ជប៉ុន ដែល​យល់​ព្រម​ចុះ​ចាញ់​សង្គ្រាម​លោក លើក​ទី​ពីរ ត្រូវ​បាន​ចេញ​ផ្សាយ

ព័ត៌មានអន្តរជាតិ ៖ ព្រះសូរស័ព្ទរបស់ អតីតព្រះចៅអធិរាជជប៉ុន ហ៊ីរ៉ូហ៊ីតុ ត្រូវបានចេញផ្សាយជា សាធារណៈហើយដោយទី ភ្នាក់ងារនៃព្រះរាជវាំងជប៉ុន នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ ២០១៥ នេះ។ សូរសំឡេងដើមរបស់ ព្រះចៅអធិរាជ ខាងលើនេះ គឺមានអត្ថន័យដល់ការ យល់ព្រមឲ្យទ័ពជប៉ុនប្រគល់ខ្លួនចុះចាញ់សង្គ្រាមជាមួយអាម៉េរិក ដោយគ្មានលក្ខខណ្ឌ កាលពីសម័យសង្គ្រាមលោកលើកទីពីរ ឆ្នាំ ១៩៤៥។

ទីភ្នាក់ងារកិច្ចការរាជវាំងខាងលើនេះ បានចេញផ្សាយនូវសំឡេងដើម របស់ព្រះចៅអធិរាជ ដែលកាលណោះ ត្រូវបានផ្តល់ព្រះនាមថា សូវ៉ា ដែលបានធ្លាប់បានចេញផ្សាយតាមវិទ្យុជាតិជប៉ុន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ដើម្បីជាការរំលឹក ដល់ខួបលើកទី ៧០ឆ្នាំនៃការ បញ្ចប់សង្គ្រាមលោកលើកទីពីរ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ក្យូដូ។

តាមពិតទៅ សូរសំឡេងដើមបំផុតនោះ គឺមានលក្ខណៈពិបាកនឹងស្តាប់ខ្លាំងណាស់ ដោយសារតែ បច្ចេកទេសសំឡេងកាលណោះ មិនល្អ។ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០១៤ ទីភ្នាក់ងាររាជវាំង បានយកសំឡេងខាងលើនេះ ទៅធ្វើការកែសំរួល ដោយប្រើប្រាស់បច្ចេកវិទ្យាបំលែង គុណភាពកម្រិតខ្ពស់ ទើបទទួលបានលទ្ធផលប្រសើរជាងមុន។

ទោះជាបែបនេះក្តី សម្រាប់មនុស្សមួយចំនួន ពិតជាមិនអាចស្តាប់ព្រះបន្ទូលព្រះចៅអធិរាជ នោះយល់ឡើយ ព្រោះតែព្រះអង្គ បានប្រើប្រាស់ភាសា បែបសម័យកាល នៅត្រង់ផ្នែកមួយ ចំនួនក្នុងសេចក្តីអត្ថាធិប្បាយ។ នៅក្នុងនោះដែរ ព្រះចៅអធិរាជជប៉ុន បានយល់ព្រមចុះចាញ់ សង្គ្រាមដោយគ្មានលក្ខខណ្ឌ ចំពោះអាម៉េរិក, អង់គ្លេស, ចិន, និង សហភាពសូវៀត៕


ប្រភព និង ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS