CamNews

ព័ត៌មានជាតិ 

មន្រ្តី PM ដែលបាញ់ ផ្ទុះអាវុធនៅ ហាងផឹកស៊ីឈ្មោះ «ស្រីណា» ចាប់ខ្លួនបានហើយ

ភ្នំពេញ៖លោក អេង ហ៊ី អ្នកនាំពាក្យមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅយប់ថ្ងៃនេះថា បុរសម្នាក់ដែលបាញ់ផ្ទុះអាវុធ នៅហាងផឹកស៊ីឈ្មោះ ស្រីណា តាមផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួនហើយ រួមនឹងបក្ខពួក២នាក់ទៀត ព្រមទាំងអាវុធចំនួន ២ដើម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥នេះ ប៉ុន្តែមានតែម្នាក់ទេ ដែលជនដៃដល់ នឹងត្រូវបញ្ជូន ទៅកាន់តុលាការនៅថ្ងៃស្អែក។

លោក អេង ហ៊ី អ្នកនាំពាក្យមន្រ្តីអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាក់ទៀតថា បុរសម្នាក់ដែល បាញ់ផ្ទុះយ៉ាងអាណាធិបតេយ្យនោះ មានឈ្មោះ ហោ ចាន់ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មានឋានៈ អនុសេនីយឯក ជំនួយការិយាល័យព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបាញ់ ទៅដីហើយផ្លាតអំបែង ត្រូវជនរងគ្រោះម្នាក់ដែលអង្គុយនៅតុក្បែរកន្លែងនោះ ក្នុងហាងផឹកស៊ីឈ្មោះ ស្រីណា។  

សូមជំរាបថា ជនរងគ្រោះមានឈ្មោះ យល់ សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានអង្គុយផឹកស៊ីជាមួយ ក្រុមបុគ្គលិករបស់ស្ថានីយ ទូរទស្សន៍បាយ័ន ដែលផឹកស៊ី នៅក្បែរតុរបស់ជនបង្កមានគ្នាទាំងអស់៣នាក់ ស្ថិតនៅក្នុងហាង ខាងលើនេះដែរ ។

បន្ទាប់ពីផ្ទុះអាវុធជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ជិះរថយន្ត Lexus 330 ពណ៌ស បានបើករត់គេចខ្លួនបាត់ កាលពីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP