CamNews

តារា 

កវីនិ​ពន្ធ សោម ដូរ៉េ អន់​ចិត្ត​នឹង​ «ថោន» បង្កក​បទ​ចម្រៀង​មិន​ឲ្យ​ចេញ​​​ជិត១​ឆ្នាំ សម្រេច​ដើរ​ចូល​មក

(ភ្នំពេញ)៖ កវីនិពន្ធមានឈ្មោះល្បី លោក សោម ដូរ៉េ ថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា លោកបានសម្រេចចិត្ត ចាកចេញពីផលិតកម្ម ថោន ចូលមកជ្រកក្នុងទ្រនំ ហង្សមាស វិញហើយ បន្ទាប់ពីផលិតកម្ម ថោន បានបង្កកបទចម្រៀងរបស់លោក មិនឲ្យចេញរហូតដល់រយៈ​ពេល១ឆ្នាំ ដែលធ្វើឲ្យកវីរូបនេះ អាក់អន់ស្រពន់ចិត្ត វេចបង្វេចដើរចេញទាំងមិន សោកស្ដាយអ្វីឡើយ។

ប្រភពព័ត៌មានបានបន្តថា ដោយសារតែភាពកាច់កុងគ្នា បក្សពួកនិយម ក្នងក្រុមអ្នកនិពន្ធ របស់ផលិតកម្ម ថោន បានធ្វើឲ្យបទចម្រៀង របស់លោក សោម ដូរ៉េ ត្រូវបានគេផ្អឹបទុក មិនឲ្យចេញចរាចរ រហូតដល់ជិត១ឆ្នាំ ជាហេតុធ្វើឲ្យ កវីនិពន្ធ សោម ដូរ៉េ លែងអាឡោះអាល័យអ្វី អ្វីទាំងអស់ គឺមានតែជ្រើសរើស យកផ្លូវដើរចេញ ដើម្បីកុំឲ្យលោកក្លាយ ជាឆ្អឹងទទឹងក របស់គេបន្តទៀត។

កវីនិពន្ធ សោម ដូរ៉េ ហាក់ត្រូវបានគេមើលឃើញថា ដឹងខ្លួនយឺតពេលបន្តិច ព្រោះរយៈពេលជិត១ឆ្នាំ ដែលលោកជ្រកក្នុងផលិតកម្ម ថោន គឺគ្មានស្នាដៃបទចម្រៀងណាមួយ ឲ្យអ្នកគាំទ្រ បានដឹងទាល់តែសោះ ព្រោះតែមានគូបដិបក្ខ រាំរាំងមិនឲ្យចេញ​ផ្សាយ ធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែភ្លេចឈ្មោះ កវីនិពន្ធម្នាក់នេះទៅហើយ។

លោក សោម ដូរ៉េ បាននិយាយប្រាប់ Khmertalking ថា លោកបានត្រឡប់ចូលផលិតកម្ម ហង្សមាស វិញហើយ បន្ទាប់បីផលិតកម្ម ថោន មិនបានចេញបទចម្រៀងថ្មីឲ្យលោក ក្នុងរយៈពេលជិតមួយឆ្នាំមកហើយ។ លោកក៏សម្រេចចិត្តចាកចេញ ព្រោះនៅធ្វើអី បើមិនចេញឲ្យលោកដដែល ​។ ម្យ៉ាងទៀត ផលិតកម្ម ហង្សមាស ក៏ទទួលលោកដៃពីរដែរ ព្រោះលោកជាធ្លាប់ជាបុគ្គលិក ក្នុងផលិតកម្មនេះ រួចមកហើយស្រាប់។

ថ្វីត្បិតលោក សោម ដូរ៉េ បាននិយាយត្រឹមពាក្យថា ផលិតកម្ម ថោន មិនចេញបទចម្រៀងឲ្យលោកក្ដី ប៉ុន្តែប្រភពពីក្នុងផលិតកម្ម ថោន បាននិយាយថា មកពីការកាច់កុងគ្នា ក្នុងផលិតកម្មទៅវិញទេ ព្រោះមានអ្នកនិពន្ធម្នាក់ មានតំណែងជាអ្នកគ្រប់គ្រង ការផលិត ដូចនេះ​គេមានសិទ្ធិក្នុងការសម្រេចចិត្ត ចេញបទចម្រៀងណាដែល ត្រូវចេញ និងបទណាមិនត្រូវចេញ។ ប៉ុន្តែបទលោក សោម ដូរ៉េ ជាច្រើន មិនបានចេញ​ ក៏កើតជារឿងក្ដៅក្រហាយ ហើយក៏ត្រឡប់មកទ្រនំចាស់វិញ។

សូមបញ្ជាក់ថា លោក សោម ដូរ៉េ មានស្នាដៃនិពន្ធ បទចម្រៀងល្បីៗ ជាច្រើន ដូចជា បទ «សង្សាលេង,លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ,ស្រឡាញ់អូន៣៦៦ថ្ងៃ» និងបទចម្រៀងល្បីៗជាច្រើនទៀត ពិសេសស្នាដៃនិពន្ធរឿងខ្លី ដ៏ជក់ចិត្តគឺរឿង «ផ្កាទីងមោង»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Som dore