CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ត្រូវគេសម្លាប់ រួចរុំអង្រឹង ច្រកក្នុងបាវ យកទៅ បោះចោល នៅស្រុកមេមត់

ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានប្រាប់ មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅភូមិទៀក ឃុំមេមង ស្រុកមេមត់ បានរាយការណ៍ជូនសមត្ថិច្ចថា ខ្លួនបានឃើញបាវមួយសង្ស័យថា មានសាកសពមនុស្សនៅក្នុងនោះ ពេលទៅដល់សមត្ថកិច្ច បានយកកាំបិតវះបាវ ក៏ឃើញសាកសពរុំនឹងអង្រឹង ភេទប្រុស មានអាយុពី២៥ទៅ៣០ឆ្នាំ ដោយមានភិនភាគសាកសព មានកម្ពស់១,៦៥ម៉ែត្រ ស្លៀកខោខ្លីក្រោមជង្គុងក្រឡា ពណ៌សខ្មៅ និងខោខាងក្នុងពណ៌ខៀវចាស់ មានឆ្នូតសពីរ អាវក្រឡាល្អិតពណ៌ប្រផេះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពិនិត្យមើលសាកសពមានស្នាមរបួស ធ្លាយពោះផ្នែកខាងឆ្វេងមួយកន្លែង និងស្នាមចាក់ចំចង្កេះខាងក្រោយពីរកន្លែង ហើយករឹតដោយអាវ ហើយថែមទាំងមានស្នាមរបួស និងជាំច្រើនកន្លែងទៀត។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មានឈ្មោះ លី រ៉ាវុធ អាយុ ២៣ឆ្នាំ មុខពេលកើតហេតុជនរងគ្រោះ បានបាត់ការទំនាក់ទំនង តាមទូស័ព្ទនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ហើយជនរងគ្រោះ ធ្លាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែ នីតិសម្បទាគ្រឿងញៀនចំនួនពីរលើក រួចមកហើយ។ ចំណែកសម្ភារដែលបាត់បង់ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ iPhon5 ១គ្រឿង ។

ចំពោះករណីនេះ សមត្ថកិច្ចសង្ស័យថា ជាករណីប្លន់ និងកំពុងស្វែងរកចាប់ជនសង្ស័យ មានបក្ខពួកចំនួន៤នាក់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Tbong Khmum