CamNews

ព័ត៌មានជាតិ 

ឃុំខ្លួនប្រធាន ក្រុមហ៊ុន Aero Cambodia ពាក់ព័ន្ធការ រូមភេទជាមួយកុមារីខ្មែរ ជាច្រើននាក់

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែ ឧសភា​២០១៥​នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទជាតិអាមេរិកកាំងម្នាក់ ដែលជាប្រធានក្រុមហ៊ុន Aero Cambodia ពីបទ«ទិញពេស្យាចារកុមារ» និង បានបញ្ជូន ខ្លួនគាត់ ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរងចាំការស៊ើប អង្កេតបន្ថែមទៀត។

មន្ត្រីតុលាការ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ BRIAN NASWALL ភេទប្រុស ជាប្រធាន (ឬCEO) របស់ក្រុមហ៊ុន Aero Cambodia។ ឈ្មោះBRIAN NASWALL ត្រូវបាន តំណាង អយ្យការសម្រេច ចោទប្រកាន់ពីបទ«ទិញ ពេស្យាចារកុមារ» មាត្រា៣៤ នៃ ច្បាប់ស្តីពីការ បង្ក្រាបអំពើជួញដូរមនុស្ស និង ការកេងប្រវ័ញ្ជផ្លូវ ភេទ ជាប់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទកុមារីខ្មែរ និង រូមភេទជាមួយកុមារីម្នាក់ នៅតំបន់កោះពេជ្រ កាលពីរាត្រីថ្ងៃទី២៣ ខែ ឧសភា ២០១៥ ។

ឈ្មោះBRIAN NASWALL ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាល នគរបាលនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជន នៃ ក្រសួងមហាផ្ទៃ កាលពីយប់ ថ្ងៃសុក្រ ទី២៣ ខែ ឧសភា ២០១៥ បន្ទាប់ពីបានលួងលោម ក្មេងស្រីចំនួន២ នាក់ អាយុ១២ឆ្នាំ ទៅកាន់កន្លែងស្ងាត់ នៅក្នុងតំបន់កោះពេជ្រ ស្ថិតនៅក្នុង សង្កាត់ចតុមុខ ខណ្ឌចំការមន និង បានប្រព្រឹត្តអំពើការបៀតបៀនផ្លូវភេទ និង រួមភេទទៅលើ កុមារីម្នាក់ ក្នុងចំណោម ២នាក់ ជាថ្នូរនឹងការផ្តល់ម្នាក់ៗ ពី១៥ ទៅ២០ ដុល្លារអាមេរិក។

យោងតាមច្បាប់ស្តីពីការ បង្ក្រាបអំពើជួញដូរមនុស្ស និង ការកេងប្រវ័ញ្ជផ្លូវភេទ ជនត្រូវចោទ ឈ្មោះ BRIAN NASWALL អាចប្រឈមនឹង ការជាប់គុកពី២ ទៅ៥ ឆ្នាំ ប្រសិនបើគាត់ត្រូវបាន តុលាការរកឃើញ ពីពិរិទ្ធភាពនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP