CamNews

ព័ត៌មានជាតិ 

មន្រ្តីយោធាម្នាក់ បោកស្រីតាម Facebook ពេលជួបគ្នា លួចយកទូរស័ព្ទ និងលុយ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនមន្រ្តីយោធា ម្នាក់ ឈ្មោះ លីម ម៉េង ក្រោយឆបោកនារីម្នាក់ តាមប្រព័ន្ធទំនាក់ទំនង Facebook រួចហើយលួងលោម ដោយណាត់ជួបគ្នា នៅខេត្តកោះកុង មើលបុណ្យអុំទូក រួចហើយក៏លួចយកទូរស័ព្ទចំនួន២គ្រឿង និងលុយមួយចំនួន ។

នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ លោក ប៊ុន សត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ជនសង្ស័យត្រូវបានកម្លាំង នគរបាលរបស់លោកចាប់ខ្លួន រួចហើយបានប្រគល់ ទៅឲ្យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកោះកុង កាលថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីចាត់ការ តាមនីតិវិធី ដែលជាម្ចាស់ករណី។

លោក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យ និងនារីរងគ្រោះ ដែលរស់នៅខេត្តកំពង់ស្ពឺ បានលេង Chat តាម Facebook ជាមួយគ្នា លុះពេលខាងស្រីលង់ខ្លួន និងជឿជាក់តាមនោះ ពួកគេទាំង២នាក់ បានណាត់ជួបគ្នា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តកោះកុង ដើម្បីមើលគេអុំទូក។

ពេលណាត់ជួបគ្នាហើយ ជនសង្ស័យបានប្រើល្បិចខ្ចីទូរស័ព្ទ iPhone ចំនួន២គ្រឿង និងលុយមួយចំនួន រួចរត់គេចខ្លួនមករាជធានីភ្នំពេញ ពេលនោះក្រោយមានការសហការពី នគរបាលខេត្តកោះកុង រួចកម្លាំង នគរបាល ការិយាល័យកំរិតស្រាលរាជធានី ក៏ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការឃាត់ខ្លួនតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP