CamNews

ព័ត៌មានជាតិ 

ចៅក្រម​សម្រេច​ឃុំខ្លួន​បុរស​វ័យ​ចំណាស់ ទះ​កំផ្លៀង​ក្មេងស្រី​សិស្ស​សាលា ដាក់​ពន្ធនាគារ​ព្រៃស

ភ្នំពេញ៖ សេចក្ដីរាយការណ៍ពី សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជាឱ្យឃុំខ្លួនបុរសវ័យចំណាស់ ដែលបានទះកំផ្លៀងក្មេងស្រីសិស្សសាលា ដាក់ពន្ធនាគារជាបណ្ដោះអាសន្នហើយបន្ទាប់ ពីមន្ដ្រីនគរបាលធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយព្រះរាជអាជ្ញាបានសម្រេចធ្វើការចោទប្រកាន់រួចមក ។

យោងតាមព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា បន្ទាប់ពីមន្ដ្រីនគរបាល បញ្ជូនបុរសវ័យចំណាស់ខាងលើនេះទៅតុលាការ លោកព្រះរាជអាជ្ញារង តុប ឈុនឡុង បានធ្វើការសាកសួរ រួចហើយសម្រេចធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស រួចហើយបញ្ជូនទៅ ឱ្យចៅក្រមស៊ើបសួរលោក ហេង សុខណា ធ្វើការសាកសួរបន្ដ ។

សូមបញ្ជាក់ថា បុរសវ័យចំណាស់ ដែលគេស្គាល់ឈ្មោះទេព ឃួន អាយុ ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០JSក្រុមទី២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលអះអាងថាខ្លួន ជាមន្ដ្រីនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយត្រូវបានមន្រ្តីនៅទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាសបដិសេធនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរសវ័យចំណាស់រូបនេះបានទះកំផ្លៀង ក្មេងស្រីជាសិស្សសាលាជា ស៊ីម បឹងកេងកង ហើយមានអ្នកថតជាវីដេអូ បានបង្ហោះនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្កឱ្យមានការរិះគន់ពីសាធារណជន ក្រោយពីបានមើលឃ្លីបវីដេអូខាងលើនេះរួចមក ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យបុរសវ័យចំណាស់ខាងលើ ចូលទៅទះកំផ្លៀងក្មេងស្រីជាកូនសិស្ស ដល់ក្នុងសាលារៀនខាងលើនេះ ត្រូវបានគេដឹងថា កើតឡើងកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បន្ទាប់ពីក្មេងស្រីរងគ្រោះ និងកូនស្រីរបស់បុរសវ័យចំណាស់ខាងលើ ដែលជាសិស្សរៀននៅសាលាជាមួយគ្នា កើតមានជម្លោះនឹងគ្នា រួចមកហើយកូនស្រី បានទូរស័ព្ទហៅឪពុករបស់ខ្លួនទៅជួយ ។ លុះពេលបុរសវ័យ ចំណាស់ជាឪពុកខាងលើទៅដល់ គេមិនដឹងច្បាស់ថា មានរឿងរ៉ាវយ៉ាងណានោះទេ ស្រាប់តែបុរសវ័យចំណាស់រូបនេះ បានស្ទុះទៅទះកំផ្លៀងក្មេងស្រី ដែលជាគូទំនាស់ ជាមួយកូនស្រីខ្លួនតែម្ដង ហើយក៏ត្រូវបានអ្នកឈរមើលថត ជាវីដេអូបានយកទៅបង្ហោះក្នុងហ្វេសប៊ុក បង្កការរិះគន់ពីសាធារណជនរហូតដល់សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដោយតាមស្រាវជ្រាវរហូតដល់ឃាត់ខ្លួន បានតែម្ដង។

ប៉ុន្តែតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា បន្ទាប់ពីសិស្សស្រីចំនួន៣នាក់រៀនថ្នាក់ទី១០ C2 និយាយដៀមដាមទាស់សំដីគ្នា ក្លាយទៅជាជម្លោះច្រានប្រតាយប្រតប់គ្នា និងបន្ទាប់ពីបញ្ចប់ សិស្សស្រីម្នាក់ឈ្មោះ ផុន សុផាវី (ហៅស្រីម៉ៅ) ក្នុងចំណោមគូជម្លោះនោះបាន ទូរស័ព្ទហៅឪពុករបស់ខ្លួន គឺ (បុរសប្រើអំពើហិង្សានៅក្នុងវីដេអូ) បានជិះម៉ូតូម៉ាក វីវ៉ាចូលបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានដើរទៅរកយុវតីគូជម្លោះ តាមការចង្អុលរបស់កូនខ្លួន ហើយបានធ្វើសកម្មភាពយ៉ាងកំរោល ស្ទុះទៅទះកំផ្លៀងពេញទំហឹងមួយដៃលើយុវតីឈ្មោះ ញ៉ែម ច័ន្ទធីតា ហើយបានលើកដៃវាយសិស្សស្រីម្នាក់ទៀតឈ្មោះ ហេង ឋារិកា តែត្រូវមិត្តភក្តិកៀសដៃចេញទាន់នាងបានរត់គេចចេញ ។

ប្រភពនប្តថា បន្ទាប់ប្រព្រឹត្តហិង្សាវាយលើយុវតីជាសិស្សសាលានោះរួចមក បុរសចាស់ទំនើងរូបនោះស្រែកឡូឡាអួតក្តែងៗ ថារូបគេមុននឹងវ៉ៃនេះ បានសុំការអនុញ្ញាតពីនាយកសាលានេះរួចហើយ ហើយបើចង់ប្តឹងសូមអញ្ជើញទៅប្តឹងដល់ណាក៏ទៅ ទៅ! (សម្លេងក្នុងវីដេអូ) ហើយភ្លាមនោះបានបបួលកូនស្រីគេចចេញពីទីនោះ តែខណៈនោះ សិស្សាមួយចំនួនបានរត់ទៅបិទទ្វាររបងសាលា ដើម្បីកុំឲ្យជនដៃដល់រូបនោះគេចខ្លួន ហើយភ្លាមនោះនាយករងសាលា បានសហការជាមួយសិស្សឃាត់បានខ្លួនជនបង្កហិង្សានោះ ហើយនាំខ្លួនទៅកាន់ទីចាត់ការរង់ចាំប្រគល់ខ្លួនជនចាស់ទំនើងនោះឲ្យ មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកង១ ចាត់ការទៅតាមច្បាប់ ដើម្បីឆ្លើយតបនឹងភាពគឃ្លើន ហ៊ានចូលវាយសិស្សក្នុងសាលា ហើយបានបំភ្លើសថា នាយកសាលាអនុញ្ញាតឲ្យជនកំហូចរូបនេះវាយសិស្ស។ ករណីនោះបានធ្វើឲ្យមានការដេញដោល ពីអាណាព្យាបាលសិស្សរងគ្រោះភ្លាមៗ ប៉ុន្តែលោក ម៉ន ស៊ីម៉ាត នាយករងវិទ្យាល័យបានបដិសេធ។

តាមប្រភពពីពលរដ្ឋរស់នៅអគារបូឌិញមួយចំនួនបានបង្ហើបថា៖ មន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ឈ្មោះ ទេព ឃួន របៀបរស់នៅមានចរិតក្រអឺតក្រទម កោងកាចណាស់អួតអាងសែស្រឡាយថា រូបគេស្គាល់មន្ត្រីមានអំណាចច្រើនណាស់ ដែលគេអួតអាងថាអ្នកកាន់អំណាចភាគច្រើន សុទ្ធតែជាមិត្តភក្តិរបស់ខ្លួន ហើយតែងតែនិយាយមើលងាយប្រមាទជេរប្រទេច បើនរណាមួយហ៊ានធ្វើឲ្យទើសចិត្ត ។ ចំណែកនៅសាលាបឋមសិក្សាសុធារស មន្ត្រីទំនើងរូបនេះ ក៏ធ្លាប់ចូលទៅជេរប្រទេចសិស្សស្រីក្នុងសាលានោះផងដែរ ខណៈពេលកូនគាត់ទូរស័ព្ទទូរពិតតម្អូញថា មានគេរករឿង ដោយគាត់មិនបានប្រើប្រព័ន្ធវិន័យក្នុងសាលាទេ គាត់តែងតែពើងទះទ្រូងថា គាត់ជាមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីអាណាចង់ខ្លាំង!៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP