CamNews

តារា 

នាយ ចឺម គេចវេសមិនបកស្រាយ ជុំវិញការបែកធ្លាយរឿងស្នេហា ជាមួយស្រីស្អាត ពុធ ស្រីខួច

(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេង ដែលក្រសោបបានកេរ្តិ៍ឈ្មោះល្បី និងទទួលបានការគាំទ្រច្រើន ពីទស្សនិកជនគ្រប់ស្រទាប់​ នាយ ចឺម ថ្មីៗនេះ បានបែកធ្លាយនូវដំណឹងស្នេហា ជា​មួ​យ​អតីត Freshie Girl ចំណាត់ថ្នាកលេខ១ ប្រចាំឆ្នាំ២០១៥ កញ្ញា ពុធ ស្រីខួច បង្កការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដ​ល់មហាជន។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនចង់ដឹងបន្ថែមទៀតនេះ គឺការចេញមុខបកស្រាយ​បញ្ជាក់ការពិត ថាតើស្នេហានេះ ឈានដល់ដំណាក់កាលណា​ទៅហើយ ស្វែងយល់ចិត្តគ្នាកម្រិតណា ប៉ុន្តែនាយ ចឺម ហាក់មានចេតនាគេសវេស មិនចង់បរិយាយ ពីរឿងនេះឲ្យក្បោះក្បាយឡើយ។



ប្រភពព័ត៌មាន​បានបង្ហើបថា ទំនាក់ទំនងស្នេហា​​រវាងតារាកំប្លែងនាយ ចឺម និងតារាស្រី​ដែលជាអតីត​ Fres​hie Girl កញ្ញា ពុធ ស្រីខួច បានកើត​ឡើង យូរខែគ្រាន់បើដែរមកហើយ។ ប៉ុន្តែដើម្បីរក្សាបាន ប្រជាប្រិយ​ភា​ព​ទាំងនាយ ចឺម និងគូស្នេហ៍ កញ្ញា ពុធ ស្រីខួច សុទ្ធតែមានបំណងលាក់បាំង ពីក្រសែភ្នែក​ទស្ស​និ​កជន ព្រោះខ្លាចបែកធា្លយ ធ្វើឲ្យបាត់បង់ប្រជាប្រិយភាព និងការគាំទ្រ។

ប្រភពបាននិយាយទៀតថា រហូតមកទល់ពេលនេះ ចំណងស្នេហា​រវាងនាយ ចឺម និងគូស្នេហ៍​រូ​ប​​ស្រស់ មានវ័យស្របាលគ្នា គឺកញ្ញា ពុធ ស្រីខួច នៅតែរក្សាចំណងមិត្តភាពស្និទ្ធស្នាល លក្ខណៈ​គូសង្សាល្អូកល្អឺន ដូចមុន គ្រាន់តែនៅមុខក្រសែភ្នែក របស់មហាជន អ្នកទាំងពីរហាក់ដូចធ្វើជាមិនដែលស្គាល់គ្នា ពោលគឺលក្ខណៈត្រឹមតែអ្នកសិល្បៈ រូមអាជីពប៉ុណ្ណោះ។ ដោយឡែក​នាយ ចឺម ឯណេះវិញ រាល់ពេលផ្តល់សម្ភាសន៍ ប្រាប់ដល់អ្នកសារព័ត៌មាន មិនថាពេលណាៗឡើយ តែងប្រកែកដាច់អហង្ការថា មិនទាន់គិតគូរឿងនេះទេ ហើយបេះដូង ក៏នៅទំនេរស្អាតទៀតផង។

ទាក់ទងនឹងការបែកធ្លាយដំណឹង នៃការសាងសម្ព័ន្ធ​ភាពស្នេហា របស់តារាកំប្លែងនាយ ចឺម ជាមួយ Freshie Girl ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៥ កញ្ញា ពុធ ស្រីខួច នេះដែរ រហូតមកដល់រសៀ​ល​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ Khmertalking បានព្យាយាមទាក់ទង តាមលេខទូរស័ព្ទ ដើម្បីសុំការបកស្រាយ ពីតារាកំប្លែងនាយ ចឺម ដើម្បីសួរនាំពីរឿងនេះ​ ប៉ុន្តែត្រូវបាន នាយ ចឺម ចុចផ្ដាច់ទូរស័ព្ទពេលដឹងថា អ្នកព័ត៌មានសួរនាំរឿងស្នេហា ជាមួយនាង ស្រីខួច​ ខណៈដែលតារាកំប្លែងរូបនេះ បានយកលេសជាប់រល់រហូត។ ​ចំណែកកញ្ញា ពុធ ស្រីខួច វិញ​ ក៏មិនអាចស្វែងរក​ការ​បញ្ជាក់​បាននៅឡើយដែរ នៅរសៀលថ្ងៃដដែលនេះដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Neay Jerm