CamNews

ព័ត៌មានជាតិ 

លោក ធី ខេមរិន ប្រមូលអ្នកជិះម៉ូតូធំ ចូលរួមបម្រើ សកម្មភាព មនុស្សធម៌ក្នុងសង្គម

ភ្នំពេញ ៖ លើសពីការស្រឡាញ់ ចាប់ចិត្តប្រតិព័ទ្ធ លើរូបរាងរឹងម៉ាំ និងសង្ហារបស់ម៉ូតូស្ព័រធំៗនោះ លោក ធី ខេមរិន បានយកការនិយមចូលចិត្ត ជិះម៉ូតូធំ ចងក្រងជាក្រុមចូលរួម ធ្វើសកម្មភាពមួយចំនួន បម្រើសកម្មភាពមនុស្ស ធម៌ក្នុង សង្គម ព្រមទាំងចង់បំបែកផ្នត់គំនិត និងបង្ហាញថា អ្នកជិះម៉ូតូធំ មិនក្រុមក្មេងជើងកាង អន្ធពាលនោះទេ ។

ដោយសារការកើនឡើង នៃសេដ្ឋកិច្ចកម្ពុជា ការធ្វើពាណិជ្ជកម្មទៅលើ យានយន្តគ្រប់ប្រភេទ រថយន្ត ម៉ូតូទំនើបៗ ស៊ីវិល័យ ក៏ចាប់ផ្តើមមានវត្តមានយ៉ាងនៅកម្ពុជា។ អំណោយផលល្អ នៃសេដ្ឋកិច្ចជាតិ កើតចេញពីសុខសន្តិភាព ក៏ បានជំរុញឲ្យជីវភាព របស់ប្រជាពលរដ្ឋបានធូរធារផងដែរ។ កត្តាជីវភាពនេះ បានធ្វើឲ្យក្រុមបុរសៗនិយមចូលចិត្ត ប្រើ ប្រាស់ប្រភេទម៉ូតូធំៗ មានលទ្ធភាពទិញម៉ូតូ យកមកបើកបង្ហាញសម្រស់នៅតាមទីប្រជុំជន ជាពិសេស ក្នុងរាជធានី ភ្នំពេញតែម្តង ។

រយៈពេល ២-៣ឆ្នាំងចុងក្រោយ ម៉ូតូធំត្រូវបានគេមើលឃើញថា មានកំណើនអ្នកជិះគួរឲ្យសម្គាល់ ទោះបីម៉ូតូធំទំនើបៗនេះ មានតម្លៃថ្លៃរាប់ពាន់ដុល្លារក៏ដោយ។ លោក ធី ខេមរិន បានបញ្ជាក់ថា រូបលោកចាប់ចិត្តស្រឡាញ់ម៉ូតូធំ តាំងពីកុមារភាព ។

ក្នុងវ័យ ២៩ឆ្នាំ មាឌធំខ្ពស់ សម្បុរសសង្ហា លោក ធី ខេមរិន បានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា ពេលបានជិះម៉ូ ធំ គឺ បានបង្ហាញអានុភាពជាបុរសពិតៗ ។ «និយាយទៅយើងជិះម៉ូតូធំ វាបានបង្ហាញថា យើងជាបុរសពិតៗ ព្រោះម៉ូតូធំ មិនមែនមនុស្សធម្មតាជិះវាបានទេ ។ ជាពិសេសពេលយើងជិះធ្វើដំណើរ ទៅតាមបណ្តាខេត្តឆ្ងាយ តាមស្ថានភាពផ្លូវ កោង ឬឡើងទួលជាដើម បើគ្មានបច្ចេកទេសទេ មិនអាចជិះបានទេ»។

លោក ធី ខេមរិន ដោយសារតែការស្រឡាញ់ម៉ូតូធំ និងឃើញអ្នកលេងម៉ូតូធំនៅកម្ពុជា មានច្រើននោះ នៅឆ្នាំ២០ ១១ ក៏បានប្រមូលផ្តុំគ្នា បង្កើតជាក្រុមអ្នកជិះម៉ូតូធំមួយ ដែលមានឈ្មោះថា KSB ឬហៅថា «ក្រុមខ្មែរម៉ូតូស្ព័រ»។

លោក ធី ខេមរិន បានថ្លែងបញ្ជាក់តាមទូរស័ព្ទថា ក្រុមអ្នកជិះម៉ូតូធំ KSB មានច្បាប់បទបញ្ជាផ្ទៃក្នុងរបស់ក្រុមត្រឹមត្រូវ។ មិនតែប៉ុណ្ណោះក្រុម KSB បង្កើតឡើងមិនត្រឹមតែការជិះកម្សាន្តនោះទេ តែក្នុងទិសដៅចូលរួមសកម្ម ភាពមនុស្សធម៌ នៅក្នុងសង្គមកម្ពុជា ។

លោក ធី ខេមរិន បានបន្តថា ក្រុម KSB របស់លោកបង្កើតនៅឆ្នាំដំបូង មានសមាជិកតែ ៥នាក់ប៉ុណ្ណោះ មកដល់ ពេលបច្ចុប្បន្នមានសមាជិករហូតដល់ ៥០នាក់។ ក្រៅការពីការជិះកម្សាន្ត ក្រុម KSB បានចូលរួមបម្រើសកម្មភាព មនុស្សធម៌ក្នុងសង្គម ព្រមទាំងជាសារបំផុសដល់ការបើកបរឲ្យគោរពច្បាប់ចរាចរណ៍ ។

យុវជនរូបសង្ហាចូលចិត្តម៉ូតូធំរូបនេះ បានបញ្ជាក់ថា ក្រុមរបស់គេធ្លាប់បានរៃអង្គាសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៣លើក និងចូលរួមឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ តាមទីជនបទមួយចំនួនផងដែរ ។

លោក ធី ខេមរិន បានបន្តថា ប្រាក់សប្បុរសទាំងអស់នេះ គឺបានមកពីការរៃអង្គាសសមាជិកក្នុងក្រុម មិនមែនជា ប្រាក់ ឧបត្ថម្ភមកពីណានោះទេ ។ ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថា រូបលោក និងសមាជិកក្រុមនឹងនាំគ្នា បង្កើតព្រឹត្តិ ការណ៍ផ្សេងៗ ដើម្បីស្វែងរកប្រាក់សប្បុរស ជួយកុមារក្រីក្រតាមរយៈសកម្មភាពជិះម៉ូតូធំរបស់ខ្លួន ។

បើតាមការបញ្ជាក់របស់លោក ខេមរិន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ លោកនឹងបង្កើតព្រឹត្តិការណ៍ធំ មួយ ស្វែងរកការឧបត្ថម្ភជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសិស្សក្រីក្រតាមទីជនបទ ។

ជាមួយនឹងកំណើនអ្នកជិះម៉ូតូធំ នៅក្នុងរាជធានីភ្នំពេញ លោក ធី ខេមរិន បានធ្វើការអំពាវនាវ ដល់អ្នកជិះម៉ូតូធំទាំង អស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានក្រមសីលធម៌ខ្ពស់រាល់ពេលបើកបរ ជាពិសេសនៅក្នុងទីប្រជុំជន ត្រូវ បើកបរជាមួយល្បឿនយឺតៗ ជៀសវាងការបង្កសំឡេងរំខានដល់អ្នកដទៃ និង ឈានដល់ការវាយតម្លៃមិនល្អ សម្រាប់ អ្នកជិះម៉ូតូធំ។

លោកក៏បានអំពាវនាវ ដល់ក្រុមអ្នកជិះម៉ូតូធំ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយការពាក់មួកសុវត្ថិភាព និង បំពាក់ កញ្ចក់លើម៉ូតូ ដើម្បីជាសារដល់ពលរដ្ឋទូទៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះ ថ្នាក់លើដង វិថី។

លោក ខេមរិន ក៏បានសុំចិត្តដល់ប្រជាពលរដ្ឋខ្មែរ លុបបំបាត់នូវទស្សនអាវិជ្ជមានថា អ្នកជិះម៉ូតូធំជាក្មេង ជើងកាងក្មេង ទំនើងជាដើមនោះ។ លោកថា «អ្នកជិះម៉ូតូធំមិនសុទ្ធតែជាមនុស្សមិនល្អ ជាក្មេងទំនើង ជើងកាងនោះ ទេ ជាក់ស្តែង ក្រុមរបស់ខ្ញុំសុទ្ធតែជាអ្នកធ្វើការងារ តាមបណ្តាក្រុមហ៊ុន និងស្ថាប័ននានា។ តែការជិះម៉ូតូធំនេះព្រោះតែចិត្ត ស្រឡាញ់»។

លោក ខេមរិន បានគូសបញ្ជាក់ផងដែរថា ម៉ូតូធំ ដែលមានវត្តមាន នៅកម្ពុជាបច្ចុប្បន្នមានចាប់ពីតម្លៃប្រមាណ ៥ពាន់ ដុល្លារ រហូតដល់ជាង ២ម៉ឺនដុល្លារ។ លោកបានបង្ហាញការកត់សម្គាល់របស់លោកថា ការកើនឡើងចំនួន អ្នកជិះម៉ូតូ ធំ អាស្រ័យទៅលើជីវភាព របស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ និងធូរធារឡើងជាលំដាប់តាមរយៈការដឹកនាំប្រទេស ជាតិ ឲ្យមានសុខសន្តិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ៕




ផ្ដល់សិទ្ធិដោយ ៖ looking today


Tags: Social News Cambodia PP