CamNews

ព័ត៌មានជាតិ 

បុរសម្នាក់មានប្រពន្ធ៥នាក់ និងកូន៦នាក់ កើត វិបត្តិផ្លូវចិត្តប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនមិនសម្រេច

(ពោធិ៍សាត់)៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនមួយដងរួចមកហើយ តែមិនបានសម្រេច បែរជាលើកទី២ចងកសម្លាប់ខ្លួននឹងក្រមាជាប់ នឹងធ្នឹមរោងចិញ្ចឹមជ្រូកទើបបានសម្រេច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្ញើល កាលពីវេលាម៉ោង ០៨៖១០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចរោងចិញ្ចឹមជ្រូក ខាងលិចផ្ទះជនរងគ្រោះប្រមាណ៣ម៉ែត្រ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពបុរសដែលមានវិបត្តិផ្លូវចិត្ត ចងកសម្លាប់ខ្លួនឯងនោះ មានឈ្មោះ គឹម លាងម៉េង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ៥នាក់ និងកូន៦នាក់ ក្នុងនោះប្រុស​២នាក់។

លោកអធិការបានបន្តថា ជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្ត ក្នុងគ្រួសារ ហើយប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនមួយដងរួចមកហើយតែមិនបានសម្រេច ទើបតែវេលាម៉ោង០៧​៖៤៥នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រុមគ្រួសារសពបានហៅជនរងគ្រោះមកហូបបាយជុំគ្នា ហៅយូរៗទៅគ្មានចំលើយក៏នាំគ្នា​ ដើររកទើបប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួននឹងក្រមាជាប់នឹងធ្នឹមរោងចិញ្ចឹមជ្រូក ខាងលិចផ្ទះជនរងគ្រោះប្រមាណ៣ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថាជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយសារតែមានវិបត្តិផ្លូវចិត្ត។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh