CamNews

ព័ត៌មានជាតិ 

ហេតុតែវាសនាមនុស្សមើលមិនឃើញ៖ពីសកម្មជន តវ៉ាដីធ្លី ក្លាយជា លោកជំទាវ

ភ្នំពេញ ៖ ហេតុតែវាសនា និងគូព្រេងពី អតីតជាតិ ទីបំផុត អ្នកមេម៉ាយ ទើបលែងប្ដី ថ្មីថ្មោង ដែលជាសកម្មជន មួយរូប ក្នុងការ តវ៉ាដីធ្លីនៅបឹងកក់ មួយប៉ព្រិចភ្នែក បានក្លាយជាលោកជំទាវ របស់ឯកឧត្ដមម្នាក់ គឺលោករៀល ខេមរិន្ទ្រ ដែលជាអ្នក តំណាងរាស្ដ្រ មកពីគណបក្ស សង្គ្រោះជាតិ នៅក្នុងកូតាលោកកឹម សុខា ។

ការក្លាយទៅជាជំទាវ ដោយនឹកស្មានមិន ដល់ បានធ្វើឡើងនៅក្នុងពិធីភ្ជាប់ពាក្យ ដ៏អធិកអធមមួយ នៅគេហដ្ឋាន របស់ជំទាវ សកម្មជនដីធ្លី បឹងកក់ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤ ដោយមានសាច់ សាលោហិតទាំងសងចូលរួម ជួយសាទរដឹងឮផងដែរ ។

ពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើងខណៈ ដែលសកម្មជន របស់លោកជំទាវ ចំនួន១៨នាក់ ក្នុងនោះរួមទាំងអ្នកស្រីទេព វណ្ណីផង កំពុង តែជាប់ឃុំ នៅពន្ធនាគារព្រៃស និងខណៈដែលព្រះសង្ឃនិងសកម្មជនផ្សេង ទៀត កំពុងនិមន្ដបិណ្ឌបាត្រនិងអំពាវនាវឱ្យ មានការដោះលែង ។

លោកជំទាវយ៉ោម បុបា្ផ ត្រូវគេដឹងថា ទើបនឹងលែងលះជាមួយស្វាមីរបស់គាត់ កាលពីប៉ុន្មានខែកន្លងទៅនេះ ដោយសារតែរស់នៅក្នុង ភាពមិនចុះសម្រុងនិងគ្នា ។

គ្មានសាច់ញាតិណា បានបង្ហើបឱ្យដឹង អំពី ចំណងស្នេហារវាងឯកឧត្ដម អ្នកតំណាងរាស្ដ្រ រៀលខេមរិន្ទ្រ ជាមួយលោកជំទាវមេម៉ាយរូបនេះ ចាប់ពីពេលណានោះទេ ប៉ុន្ដែគ្រាន់តែគេដឹងថា អ្នកទាំងពីរបានស្គាល់គ្នា កាលពីពេលកន្លងទៅ ខណៈដែលតំណាងរាស្ដ្ររូបនេះ ចុះជួយដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់ ។

ប្រហែលជាគូព្រេងពីអតីតជាតិហើយមើលទៅ បានជាអ្នកទាំងពីរ ជួបគ្នាក្នុងគ្រា ដែលលោកជំទាវសកម្មបំផុត ក្នុងការតវ៉ារឿងដីធ្លី ជាពិសេសការ បិទផ្លូវមុខសាលារាជធានី និងសកម្មភាពដើរហែក្បួន យកញាតិ ទៅដាក់តាមស្ថានទូត ។

គេមិនទាន់ដឹងនៅឡើយទេ ថាក្រោយពិធី ភ្ជាប់ពាក្យបញ្ចប់ទៅ លោកជំទាវថ្មីថ្មោង និងនៅតែសកម្មចូលរួម តវ៉ារឿងដីធ្លីជាពិសេសជួយតវ៉ា ឱ្យមានការដោះលែងសកម្មជនបឹងកក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសដែរឬទេ? ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP