CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន៖ សម្តីលោក សម រង្ស៊ី ធ្វើឲ្យសិស្សបាក់ទឹកចិត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅ សម្តីរបស់លោក សម រង្ស៊ី ប្រធានគណ  បក្សសង្រ្គោះជាតិ ដែលថ្លែងថា ការអប់រំនៅស្រុកខ្មែរទន់ខ្សោយ សញ្ញាបត្រគ្មានតម្លៃ គឺជាការធ្វើឲ្យសិស្សបាក់ទឹក  ចិត្តមិនខំប្រឹងប្រែងរៀនសូត្រ ផ្ទុយពីទិសដៅរបស់រាជរដ្ឋាភិបាល ដែលកំពុងធ្វើកំណែទម្រង់យ៉ាងខ្លាំងលើវិស័យ   អប់រំ ដើម្បីបង្កើនសមត្ថភាពអ្នកជំនាន់ក្រោយរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥  នេះថា ការខិតខំប្រឹងប្រែងអប់រំបណ្តុះបណ្តាលកូនខ្មែរឲ្យបានរៀនសូត្រចេះដឹងមកទល់ពេលនេះ គឺជាជោគជ័យ  ដ៏ធំធេងរបស់ប្រទេសជាតិ ក្រោយពេលរំដោះប្រទេសបានពីរបបខ្មែរក្រហមកាលពីជាង ៣០ឆ្នាំមុន ដែលមានគ្រូ បង្រៀន និងអ្នកចេះដឹងតែបួនដប់នាក់ប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា បច្ចុប្បន្នមានសាលារៀនគ្រប់កម្រិត រួមទាំងសាលាភាសាបរទេស ដើម្បីផ្តល់ជូន សិស្សនិស្សិតទៅតាមកម្មវិធីសិក្សា តាមបែបប្រទេសជឿនលឿន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានសហការ ជាមួយបណ្តាស្ថានទូតនានា ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានទៅបន្តការសិក្សានៅឯបរទេសទៀត ផង។ ហើយកន្លងមកនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំ និង អនុវត្តន៍កំណែទម្រង់នៅក្នុងក្រសួងអប់រំជាតិ ដើម្បី ពង្រឹងគុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សទើបបញ្ចប់វគ្គសិក្សាខ្លីនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដែលគ្រប់គ្រង ដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានលើកឡើងថា សញ្ញាបត្រ នៅស្រុកខ្មែរភាគច្រើនអត់មានតម្លៃ ប្រព័ន្ធអប់រំនៅទន់ខ្សោយខ្លាំង។ លោកអះអាងថា នៅពេលគណបក្សរបស់ លោកជាប់ឆ្នោត លោកនឹងរៀបចំប្រព័ន្ធអប់រំឡើងវិញ។

ឆ្លើយតបទៅនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា « ការនិយាយបែបវាយប្រហារកេង ចំណេញនយោបាយ ដោយបុគ្គល ដែលតាំងខ្លួនជាអ្នកចេះដឹងខ្លាំងមួយចំនួនថា សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ គឺ ជាការមើលស្រាលដល់ការខិតខំសិក្សារបស់សិស្សានុសិស្ស និងកាន់តែជំរុញឲ្យយុវជនមិនខំប្រឹងប្រែង ព្រោះថា  តើខំសិក្សាធ្វើអ្វី បើសញ្ញាបត្រគ្មានតម្លៃ… នេះគឺកាន់តែធ្វើឲ្យសិស្សនិស្សិតធ្លាក់ទឹកចិត្តមិនខំប្រឹងសិក្សា ហើយ គុណភាពសិក្សាផ្ទាល់របស់សិស្សនិស្សិត ក៏កាន់តែធ្លាក់ចុះខ្លាំងថែមទៀត»។

សម្តេច បានចោទជាសំណួរថា ឬមួយក៏ពួកគេចង់ឲ្យយុវជន សិស្សនិស្សិតកុំរៀន ហើយរង់ចាំទាល់តែក្រុមខ្លួនបាន ជាប់ឆ្នោតសិនទើបសញ្ញាបត្រមានតម្លៃ?។ តើនេះជាការចូលរួមសហការលើកម្ពស់ជំរុញវិស័យអប់រំ ឬ ជាការកេង ចំណេញនយោបាយ?

សម្តេច បានគូសបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាល និងក្រសួងអប់រំ មានឱកាសច្រើនក្នុង ការរៀបចំកំណែទម្រង់ពង្រឹងវិស័យអប់រំឲ្យកាន់តែមានគុណភាព និងទទួលស្គាល់ទូលំទូលាយ។ នេះគឺជាទិសដៅ អាទិភាពចាំបាច់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា កម្ពុជាបានខិតខំជំរុញវិស័យអប់រំតាំងពីក្រោមសូន្យរហូតដល់ប្រទេសមានអ្នក ចេះដឹងកាន់តែច្រើនឡើងៗមកទល់សព្វថ្ងៃ។ ទាំងគ្រឹះស្ថានអប់រំជាតិ និងឯកជន គឺយើងត្រូវបន្តសហការពង្រឹង គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់យុវជន ដោយមិនត្រូវរង់ចាំកំពូលអ្នកចេះដឹង សន្យាខ្យល់ពីណាមកឡើយ។

ជាការកត់សម្គាល់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងលើកទឹកចិត្ត និងផ្តល់តម្លៃដល់អ្នក  ប្រឹងសិក្សារៀនសូត្រជាខ្លាំង ពោលរាល់សិស្ស និស្សិតកម្ពុជា ដែលទទួលបានស្នាដៃពីការប្រកួតប្រជែងផ្សេងៗ ទាំងក្នុងស្រុក និងក្រៅប្រទេស សម្តេចតែងផ្តល់ឱកាសបានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់លើកទឹក ចិត្តជាបន្តបន្ទាប់។ ជាពិសេសនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រាល់សិស្ស ដែលប្រឡងជាប់បាក់ឌុប និទ្ទេស  A តែងបានចូលជួបសម្តេចតេជោ ហ៊ុន សែន និងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនពីសម្តេចផងដែរ។ កាយវិការនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី ទៅលើប្រព័ន្ធអប់រំនៅកម្ពុជា។  

ការស្រឡាញ់អ្នកចេះដឹង និងពង្រឹងសមត្ថភាពរបស់សិស្សនិស្សិតខ្មែរពីសំណាក់នាយករដ្ឋមន្រ្តីខ្មែរ ត្រូវបានគេដឹង ថា ចាប់ផ្តើមធ្វើតាំងពីប្រទេសនេះ រំដោះចេញពីរបបខ្មែរក្រហម ជាពិសេសនៅក្នុងរបបរដ្ឋកម្ពុជា នាអំឡុងទស  វត្សរ៍ឆ្នាំ៨០ ពេលដែលសម្តេចតេជោ ហ៊ុន សែន ធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស សម្តេចបានស្វះស្វែងយកអាហា រូបករណ៍ពីបណ្តាប្រទេសនានាជាសម្ព័ន្ធមិត្ត ជាពិសេសប្រទេសរុស្ស៊ី ដើម្បីផ្តល់ឱកាសនិស្សិតខ្មែរទៅក្រេបជញ្ជក់  ចំណេះដឹងនៅទីនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News PP