CamNews

ព័ត៌មានជាតិ 

សូមប្រយ័ត្ន! ជីតា និងចៅប្រុសស្រី២នាក់ រើសគ្រាប់​សល់ពីសង្គ្រាម យកទៅ​ដំធ្វើ​ស្នឹងគោ ផ្ទុះស្លាប់គួរ

(ព្រៃវែង)៖ ពិតជាគួរឲ្យអាណិតអាសូរយ៉ាងពន់ពេក សម្រាប់ជនរងគ្រោះ​៣នាក់ ជាជីតា និងចៅប្រុស​ស្រី ដែលបានស្លាប់​ដោយសារផ្ទុះគ្រាប់ប្រភេទ​១០៥មីលីម៉ែត្រ សល់ពី​ជំនាន់សង្គ្រាម។ ការផ្ទុះគ្រាប់នេះ បណ្តាលមកពីជនរងគ្រោះទាំង៣នាក់ បានយកគ្រាប់បែកដែលរើសបាន ទៅដំធ្វើស្នឹងគោ។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីនប៊ន បានប្រាប់អង្គភាព Fresh News ថា «មុនពេលកើតហេតុ ជនរងគ្រោះបានយកគ្រាប់១០៥មីលីម៉ែត្រនេះ ទៅដំធ្វើ​ស្នឹងគោ ស្រាប់តែផ្ទុះបណ្ដាល​ឱ្យស្លាប់ទាំង៣នាក់តែម្ដង»។  លោកមេបញ្ជាការបានបន្ដថា ជនរងគ្រោះដែលទាំង៣នាក់ ទី១. ឈ្មោះ ទេព ផល អាយុជាង៧០ឆ្នាំ(ជីតា) ទី២. ឈ្មោះ ផល ណារី ភេទស្រី អាយុ១២ឆ្នាំ (ចៅ)និងទី៣. ឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ (ចៅ)។ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយការពិនិត្យរួចពីសមត្ថកិច្ច សពជនរងគ្រោះទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីដោយក្តីអាឡោះអាល័យជាទីបំផុត។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍​មេបញ្ជាការអាវុធហត្ថ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន នៅពេលប្រទះឃើញគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម សូមកុំទៅប៉ះពាល់ ឲ្យសោះពោលត្រូវរាយការណ៍​មកសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ និងយកមករក្សាទុក៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Prey veng