ភ្នំពេញ ៖ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បាននឹងកំពុងបន្ដ រឿងស៊ើបអង្កេតដ៏ធំមួយទៀត ទៅលើ លោកជំទាវម្នាក់ ក្នុងជួររាជរដ្ឋាភិបាល ពីបទ ឆបោកលុយ ៥០ម៉ឺនដុល្លារ ក្រោយពី រត់ការឱ្យបុគ្គលម្នាក់ ឡើងជាអភិបាលខេត្ដ មិនបានសម្រេច ។
អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ បានកោះហៅជំទាវរូបនេះ មកសួរនាំម្ដងហើយ ប៉ុន្ដែមិនទាន់ឃាត់ខ្លួន លុះពេលចង់ហៅសួរនាំបន្ដទៀត ស្រាប់តែ គេចវេសមិនចូលមកបំភ្លឺ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ ។
ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ លោកឱម យ៉ិនទៀង នៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានី នៅ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤ នាមហាស្រពចេនឡា បានបញ្ជាក់ អំពីដំណើរការករណីមួយនេះ ពីបទឆបោក ទឹកប្រាក់រហូត ទៅដល់ ៥០ម៉ឺនដុល្លារ ដែល ជំទាវម្នាក់នោះ មិនព្រមសងទៅម្ចាស់លុយ ពេលដែលរត់ការមិនបានសម្រេចឡើងធ្វើ ជាអភិបាលខេត្ដ ។
លោកឱម យ៉ិនទៀង បានបញ្ជាក់យ៉ាង ដូច្នេះថា “ឥឡូវនេះ ក្នុងដៃខ្ញុំមានពីរករណី គឺទី១នោះ គឺគាត់ អ្នកធំដែរ គាត់ទៅបោក ប្រាស់ អភិបាលរងខេត្ដមួយរូបថា បើចង់ ឡើងធ្វើអភិបាលខេត្ដ អស់ចំនួន ៥០ម៉ឺនដុល្លារ ។ ដល់ពេលសូកគេ អត់បាន គាត់ទារលុយវិញ ។ ដល់ពេលនោះ លោកជំទាវនោះថា ទៅប្ដឹងទៅ ហើយក្រោយមកលោកជំទាវនោះ បានសងលុយម្ដងមួយម៉ឺន ពីរម៉ឺន សងបាន ៥ម៉ឺនដុល្លារ នៅសល់ ៤៥ម៉ឺនដុល្លារទៀត គាត់អត់សង ។ ដល់ពេលឈប់សង អានោះ ទៅទារខ្លាំង គ្នាអស់រអាលីង ហើយ លក់អីៗ អស់ហើយ គឺពឹងតែអាលុយហ្នឹង ហើយទៅ ទារមកវិញ ដល់ពេលនោះ លោកជំទាវនោះ ថា អ្នកឯងជាប់គុករឿងសូក ខ្ញុំជាប់គុករឿង ស៊ី ជាប់គុកទាំងពីរនាក់ ឯងទៅប្ដឹងទៅ” ។
បើតាមលោកទេសរដ្ឋមន្ដ្រីឱម យ៉ិនទៀង លោកជំទាវម្នាក់នេះ អាងសុទ្ធតែ ផ្កាយ និងអ្នកធំ ថ្នាក់ឧប ប៉ុន្ដែបានគេចវេស ក្រោយហៅមកសួរនាំបានម្ដងរួចមក ។ ដោយឡែកនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ លោកទេសរដ្ឋមន្ដ្រីឱម យ៉ិនទៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា លោកមិនទាន់អាចបញ្ជាក់ពីអត្ដសញ្ញាណ ទាំងឈ្មោះនិងកន្លែងធ្វើការរបស់ ជំទាវរូបនេះឡើយ ព្រមទាំងភាគីម្ចាស់លុយ ដែលជាអភិបាលរងខេត្ដនោះ ។
លោកឱម យ៉ិនទៀង បានបញ្ជាក់ថា “ខ្ញុំនិយាយបានតែប៉ុណ្ណឹង តិចទៀតសិន ចាំ តាមរកមើលសិន គាត់កំពុងគេចវេស ហើយ មិនទាន់អាចនិយាយបានទេ” ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល