CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុនស៊ូកាគូអ៊ីន ចាប់ផ្តើមសាងសង់ អគារនិងហេដ្ឋា រចនាសម្ព័ន្ធតម្លៃជាង ៣០០លានដុល្លារ លើដីបឹងកក់

ភ្នំពេញ៖ សំណង់អគារផ្ទះល្វែង ខុនដូ សាលារៀន កន្លែងហាត់វាយកូនហ្គោល កន្លែងលេងបាល់ ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវ ប្រព័ន្ធអគ្គិសនីបំភ្លឺផ្លូវ រួមនិងសួនច្បារសម្រាប់លេងកម្សាន្ត និង ហាត់ប្រាណ ដែលមានតម្លៃ  ប្រមាណ ៣០០លានដុល្លារអាម៉េរិក នឹងចាប់ផ្តើមផុសចេញជារូបរាងជាបណ្តើរៗ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ  នៅលើផ្ទៃដីបឹងកក់ ទំហំជាង១០០ហិកតា។ វត្តមានសំណង់អគារ ខុនដូ ប្រព័ន្ធផ្លូវ ភ្លើង និងសួនច្បារ ដែលនឹង មានវត្តមានលើតំបន់បឹងកក់នេះ ត្រូវបានគេរំពឹងថា មិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចររបស់ពលរដ្ឋក្នុង រាជធានីភ្នំពេញនោះទេ វាក៏នឹងចូលរួមលើកសម្រស់រាជធានីភ្នំពេញ និងការរស់នៅប្រកបដោយភាពស្រស់ បំព្រង និងស៊ីវិល័យរបស់ពលរដ្ឋកម្ពុជាផងដែរ។

បឹងកក់ ដែលជាបឹងដ៏ធំមួយក្នុងរាជធានីភ្នំពេញ ទំហំជាង ១០០ហិកតា ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោក  ឡាវ ម៉េងឃីន បូមខ្សាច់ចាក់លុបបំពេញ ដើម្បីវិនិយោគអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបអគារ ស្នាក់នៅ និងមណ្ឌលកម្សាន្តនានា។ បន្ទាប់ពីការបូមខ្សាច់ចាក់បំពេញរួចរាល់ហើយនោះ បច្ចុប្បន្នក្រុមហ៊ុន បាន ចាប់ផ្តើមដំណើរការសាងសង់អគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលគម្រោងទាំងអស់ នឹងបញ្ចប់ជាជំហ៊ា នៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

តំណាងក្រុមហ៊ុនស៊ូកាគូអ៊ីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ក្រៅពីបណ្តាញផ្លូវពីរខ្សែ ដែល មានទ្រូងផ្លូវជាង ២០ម៉ែត្រ កំពុងដាក់ឲ្យអ្នករាជធានីភ្នំពេញធ្វើដំណើរឆ្លងកាត់ ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុង ដំណើរការរៀបចំប្រព័ន្ធលូរំដោះទឺក ព្រមទាំងបំពាក់ប្រព័ន្ធអគ្គិសនីបំភ្លឺផ្លូវជួយសម្រួលការធ្វើការនៅពេលរាត្រី ផងដែរ។ ប្រព័ន្ធផ្លូវ និងការបំពាក់ប្រព័ន្ធអគ្គិសនីបំភ្លឺផ្លូវនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៥។

ក្រុមហ៊ុន ក៏បាននិងកំពុងបុកគ្រឹះសាងសង់អគារទីស្នាក់ការក្រុមហ៊ុន កម្ពស់ប្រមាណ ៥ជាន់ ដែលអគារទីស្នាក់ ការនេះ នឹងមានបន្ទប់ Show Room សម្រាប់តាំងបង្ហាញនូវគម្រោងអភិវឌ្ឍន៍របស់ខ្លួន ក្នុងគម្រោងផ្ទះល្វែង  និងខុនដូ សម្រាប់ការរស់នៅក៏បានចាប់ផ្តើមដំណើរការសាងសង់ផងដែរ។

បើតាមតំណាងក្រុមហ៊ុន បានឲ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់បឹងកក់នេះ ក្រុមហ៊ុនមិនបានធ្វើតែឯងនោះទេ  គឺខ្លួនបានចាប់ដៃសហការជាមួយក្រុមហ៊ុនវិនិយោគជាច្រើនផ្សេងទៀត មានដូចជាក្រុមហ៊ុនមកពីហុងកុង សិង្ហ បុរី និងក្រុមហ៊ុនវិនិយោគរបស់ខ្មែរ...។ ជាក់ស្តែងគម្រោងអគារផ្ទះល្វែង និង ខុនដូ ត្រូវបានចូលរួមសហការវិនិ  យោគដោយក្រុមហ៊ុនមកពីទីក្រុងហុងកុង និងក្រុមហ៊ុនរបស់ខ្មែរ មានតម្លៃជាង ១០០លានដុល្លារ។

ក្រៅពីអគារទីស្នាក់ការ ផ្ទះល្វែង និងខុនដូរ ដែលកំពុងនឹងចាប់ផ្តើមដំណើរការសាងសង់ ក្រុមហ៊ុនស៊ូកាគូអ៊ីន ក៏ បានបង្ហាញនូវគម្រោងសាងសង់កន្លែងហាត់វាយកូនហ្គោល កន្លែងលេងបាល់ ព្រមទាំងគម្រោងផ្ទះវីឡា និងសា  លារៀនផងដែរ ដែលគម្រោងសាងសង់សាលារៀនមានការចូលរួមវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសសិង្ហបុ រី។ គម្រោងទាំងអស់នេះ ក៏នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខនេះ។

ដើម្បីលើកសោភណភាពក្នុងតំបន់អភិវឌ្ឍបឹងកក់ ជាពិសេសលើកកម្ពស់សុខភាព នៃការរស់នៅរបស់ប្រជាពល  រដ្ឋនោះ ក្រុមហ៊ុនស៊ូកាគូអ៊ីន បានកាត់ផ្ទៃដីប្រមាណ ៣០ភាគរយ ពីផ្ទៃដីវិនិយោគជាង ១០០ហិកតា ដើម្បីសាង  សង់ជាប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសគឺសួនច្បារតែម្តង។ សួនច្បារទាំងនេះ នឹងផ្តល់ឲ្យប្រជាពលរដ្ឋបាន  អង្គុយលេងកម្សាន្ត ហើយអាចធ្វើលំហាត់ប្រាណ ដើម្បីសុខភាព ដែលអ្នករស់នៅក្នុងរាជធានីភ្នំពេញកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង។

តំណាងក្រុមហ៊ុនស៊ូកាគូអ៊ីន បានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍតំបន់បឹងកក់នេះ ឲ្យក្លាយទៅជាទីក្រុងមួយដ៏ ទំនើប ដែលមានទាំងកន្លែងរស់នៅប្រកបដោយមនោរម្យ ផាសុខភាព សុខដុមនីយកម្ម ផ្សារទំនើប សាលារៀន កន្លែងវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មផងដែរ ពោលប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍នេះ គឺ មានគ្រប់បែងយ៉ាងទាំងអស់។ ការដែលក្រុមហ៊ុនសម្រេចសាងសង់ឲ្យសព្វបែបយ៉ាងនៅក្នុងតំបន់អភិវឌ្ឍបឹងកក់ នេះ ដើម្បីឆ្លើយតបកំណើនរបស់ប្រជាពលរដ្ឋ ដែលជួបការពិបាកក្នុងការធ្វើចរាចរក្នុងរាជធានីភ្នំពេញនាពេល បច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត។

ការអភិវឌ្ឍន៍បឹងកក់ ដែលចាប់ផ្តើមឡើងដោយសម្រែកតវ៉ានានា និងការពុះពារនូវឧបសគ្គជាច្រើននោះ បច្ចុប្បន្ន ផ្លូវចំនួនពីរខ្សែជាសមិទ្ធផលបឋម ដោយ១ ខ្សែភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវទំនប់ទួលគោក និង១ខ្សែទៀតភ្ជាប់  ពីមហាវិថីព្រះមុនីវង្សក្បែរស្ថានីយរថភ្លើង ទៅកាន់ផ្លូវវត្តនាគវ័ន្ត បាននឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ សម្រួលការកកស្ទះ និងការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ពីទិសខាងលិចត្បូងរាជធានីភ្នំពេញ មានខណ្ឌដូន ពេញ ៧មករា ជាដើម ឆ្ពោះទៅខណ្ឌទួល គោក សែនសុខ និងព្រែកព្នៅជាដើមនោះ។

ក្រៅពីផ្លូវទាំងពីរខ្សែ ដែលរួមបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងមានកំណើនជា រៀងរាល់ថ្ងៃនេះ តំណាងក្រុមហ៊ុនបានសម្តែងការរំពឹងទុករបស់ខ្លួនថា ក្រោយពីគម្រោងទាំងអស់ នៅក្នុងតំបន់ អភិវឌ្ឍន៍បឹងកក់ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយនោះ វានឹងចូលរួមចំណែកកាន់តែប្រសើរ ថែមទៀត ជួញរុញច្រានសេដ្ឋកិច្ចកម្ពុជា។ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សួនច្បាររំលេចដោយភ្លើងពណ៌ល្អ ស្រស់ ព្រមទាំងសម្រស់អគារតូចធំ ខ្ពស់ទៀប ដ៏ល្អប្រណីតជាច្រើនទៀតនោះ ក៏ជាចំណែកថ្មីមួយទៀតសម្រាប់  លើកកម្ពស់សម្រស់រាជធានីភ្នំពេញ និង ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែជាទីក្រុងស្ងប់ស្ងាត់បន្ទាប់ ងើបចេញពីភ្លើងសង្រ្គាមនោះ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP