CamNews

ព័ត៌មានជាតិ 

ជនជាតិ ភាគតិច តាំងពិព័ណ៌ ដាក់លក់ សមិទ្ធផល ដាំដុះនិងធ្វើ ដោយខ្លួនឯង ចំនួនបីថ្ងៃ

រតនគិរីៈ ស្តង់តាំងពិព័ណ៌ យ៉ាងតិចចំនួន៣២តូប ដែលសុទ្ធតែជា របស់របរដោយកើតចេញ ពីការផលិត និងដាំដុះ ឡើងពីបងប្អូនជនជាតិ ដើមភាគតិច ដាក់តាំងលក់ចំនួនបីថ្ងៃ នៅមន្ទីរវប្បធម៌ ខេត្តរតនគិរី ។

សមិទ្ធផលដែលមានគ្រឿង ឧបភោគបរិភោគ មានដូចជាសម្លៀកបំពាក់ បែបប្រពៃណី ជនជាតិដើមភាគតិច របស់ប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ បន្លែ ផ្លែឈើ និងស្រូវអង្ករជាដើមនោះ ត្រូវបានដាក់តាំងពិព័ណ៌លក់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះ ត្រូវបានគាំទ្រឧបត្ថម្ភ ដោយគម្រោង Annadya នៃអង្គការស៊ីដាក សហគមន៍អឺរ៉ុប និងអង្គការ ដៃគួរជាច្រើនទៀតព្រមទាំង អាជ្ញាធរខេត្តរតនគិរី ។

ការតាំងពិព័ណ៌ដ៏កម្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី បញ្ចប់គម្រោង Annadya រយៈពេលបីឆ្នាំក្នុងការបង្ហាត់បង្រៀនជំនាញ ដល់បងប្អូន កសិករដែលជាជនជាតិភាគតិច ក្នុងការផលិតនិងដាំដុះបែបមិនប្រើប្រាស់ ជីគីមីនិងអំពីរបៀបនៃការផលិត វត្ថុអនុស្សាវរីយ៍ជាដើម។

បើតាមការអះអាងរបស់បងប្អូនជនជាតិដើមភាគតិចបានឲ្យដឹងថា ការតាំងពិព័ណ៌ដាក់លក់នេះ គឺជាការបង្ហាញ នូវស្នាដៃរបស់ជនជាតិដើមភាគតិច ដែលពួកគាត់បានខិតខំធ្វើតាមរយៈ នៃការបង្ហាត់បង្រៀនពីអង្គការស៊ីដាក់ និងដៃគួរមួយចំនួនទៀត ដល់ពួកគេអស់រយៈពេលបីឆ្នាំ ហើយសមិទ្ធផលទំាងនេះក៏សុទ្ធតែការបង្ហាញនូវ វប្បធម៌របស់ពួកគេផងដែរ។

បើតាមទិដ្ឋភាពនៃការតាំងពិព័ណ៌គេសង្កេតឃើញ មានប្រជាពលរដ្ឋជាច្រើននៅខេត្តរតនគិរី បានចូលរួមនិងគាំទ្រ សមិទ្ធផល ទាំងនេះ បូករួមដោយភាពសប្បាយរីករាយ និងការប្រគំតន្រ្តី សម័យនិងតន្រ្តីប្រពៃណីរបស់បងប្អូន ជនជាតិភាគតិច ដើម្បីអប់អរសារទផងដែរ ហើយមិនតែប៉ុណ្ណោះក៏មានការ ចូលរួមពីតំណាងសហគមន៍អឺរ៉ុប ស៊ីដាក និងលោកអភិបាលខេត្តរតនគិរីផងដែរ៕

ផ្ដល់សិទ្ធដោយ ដើមអម្អិល


Tags: Social News Cambodia Ratanakiri