CamNews

កីឡា 

ភ្នំពេញក្រោន ចុះកិច្ចសន្យាជា មួយអ្នកចាំ ទីកូនកាត់ខ្មែរ-បារាំង Srey Danny ត្រៀម​រដូវកាល​ថ្មី

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានទទួលកីឡាករកូន កាត់ខ្មែរ-បារាំងម្នាក់ទៀតហើយ គឺអ្នកចាំទី Srey Danny ដែលទើបនឹងមកដល់ប្រទេសកម្ពុជា ហើយបានចុះកិច្ច សន្យាលេងឲ្យក្រុមឈុតធំភ្នំពេញក្រោន កាលពីថ្ងៃទី៣១ ខែមីនាម្សិលមិញនេះ ដើម្បីជួយក្លឹបការពារតំណែងជើងឯកពាន លីកកំពូលកម្ពុជា នារដូវកាលថ្មីឆ្នាំ២០១៥ ដែលនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខ ។

Srey Danny បានចាប់កំណើតនៅតំបន់មួយក្នុងខេត្ត Brittany ភាគខាងលិចនៃប្រទេសបាំង ដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិបារាំង ហើយបច្ចុប្បន្នអ្នកចាំទីកូនកាត់រូបនេះ ទើបតែមានអាយុ២០ឆ្នាំប៉ុណ្ណោះ ។ កាលពីអាយុ១៣ឆ្នាំ Srey Danny បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូង ជាមួយក្លឹប CEP Lorient ហើយក៏បានជួយក្រុមរបស់ខ្លួនឲ្យឈ្នះពានលីកយុវជនប្រចាំប្រទេសបារាំងទៀតផង ហើយមុននឹងធ្វើដំណើរមកលេង ឲ្យក្លឹបភ្នំពេញក្រោន ក្នុងឆ្នាំ២០១៥នេះ កាលពីរដូវកាលមុន អ្នកចាំទីចំណូលថ្មីវ័យក្មេងរូបនេះ បានលេងឲ្យក្លឹប La-Guideloise ដែលជាក្លឹបអាជីពមួយនៃលីកកំពូលបារាំង ។

Srey Danny ជាកីឡាករកូនខ្មែរ-បារាំងទី៤ហើយ ដែលកំពុងតែរួមរស់ជាមួយក្លឹបជើងឯកលីកកំពូល កម្ពុជា៥សម័យកាល ភ្នំពេញក្រោននោះ ខណៈកីឡាករកូនកាត់ ៣នាក់ផ្សេងទៀត គឺមានកីឡាករខ្សែបម្រើ Bin Thierry, ខ្សែការពារ Kok Boris និងកីឡាករខ្សែបម្រើប្រយុទ្ធ Va Sokthorn ។

គ្រូធំប្រចាំក្លឹបភ្នំពេញក្រោនលោក Sam Schweingruber ថ្លែងឲ្យដឹងថា ការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងជាមួយអ្នកចាំទីវ័យក្មេង Srey Danny គឺពិតជារឿងល្អខ្លាំងណាស់ សម្រាប់ក្លឹបដែលត្រៀមខ្លួននឹងការពារតំណែងជើងឯកលីកកំពូលកម្ពុជា នារដូវកាលក្រោយនោះ ។

លោក Sam បានបន្ដថា «Danny ជាអ្នកចាំទីវ័យក្មេង ប៉ុន្ដែមានឆន្ទៈខ្ពស់ក្នុងការធ្វើសង្គ្រាមនៅលើវាលស្មៅ ។ ដោយគាត់ធ្លាប់ទទួលបាន ជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងមានបទពិសោធន៍លេងបាល់ច្រើនឆ្នាំ យើងសង្ឃឹមថា គាត់នឹងជួយក្លឹបភ្នំពេញក្រោនឲ្យការពារ បាននូវតំណែងជើងឯកពាន Metfone Cambodia League មួយរដូវកាលទៀត សម្រាប់យុទ្ធនាការឆ្នាំ២០១៥ ដែលការប្រកួតនឹងចាប់ ផ្ដើមនៅខែកក្កដាខាងមុខនេះ» ។

គួរបញ្ជាក់ផងដែរថា ការចូលខ្លួនរបស់កីឡាករកូនកាត់ខ្មែរ-បារាំង Srey Danny គឺជាក្ដីសង្ឃឹមដ៏ធំធេងបំផុត សម្រាប់ក្លឹបភ្នំពេញក្រោន បន្ទាប់ពីអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី ចាកចេញកាលពីពេលថ្មីៗកន្លងទៅ ហើយទៅជ្រកក្រោមទ្រនំក្លឹបគូប្រជែងដ៏សំខាន់ បឹងកេតអង្គរនោះ ។ ប៉ុន្ដែ Srey Danny មិនទាន់ប្រាកដ ថា អាចធ្វើល្អកម្រិតណានៅឡើយទេ ហេតុនេះសម្រាប់ការប្រកួតពានលីកកំពូលនាពេលខាងមុខ អ្នកចាំទីវ័យក្មេងរូបនេះ មានទេពកោសល្យកម្រិតណានោះ ទស្សនិកជននឹងដឹងជាក់ជាមិនខាន ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia pp