(ប៉ៃលិន)៖ បុរសម្នាក់ជាបុគ្គលិកកាស៊ីណូ «ម្កុដពេជ្រ» ត្រូវបានកម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនក្រោយធ្វើសកម្មភាពចាប់រំលោភ នារីបុគ្គលិកកាស៊ីណូជាមួយគ្នា ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។
លោកឧត្តមសេនីយ៍ត្រីជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះថា ជនសង្ស័យត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។
លោកស្នងការបន្តថា ហេតុការណ៍រំលោភសេពសន្ថវៈនេះ បានកើតឡើងនៅកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជួលភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកបន្ថែមថា ជនរងគ្រោះឈ្មោះ វ ស ច អាយុ ១៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូម្កុដពេជ្រ ចំណែកជនសង្ស័យឈ្មោះ ឆិល សុខឃា ភេទប្រុស អាយុ ២៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នសមត្ថកិច្ចជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ និងធ្វើការស្រាវជ្រាវករណីខាងលើនេះបន្ថែម ព្រោះមានប្រភពថាអ្នកទាំង២នាក់នេះរស់ជាមួយគ្នាអស់ជាច្រើនខែមកហើយ បែរជាមកប្តឹងសមត្ថកិច្ចពីបទរំលោកភសេពសន្ថវៈទៅវិញ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី