ព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្រ្កាបជនសង្ស័យជាចោរលួចកាច់កម៉ូតូ យ៉ាងសកម្មពីរនាក់ប្តី-ប្រពន្ធ នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ហើយថែមទាំងបានឆែកឆេរ រកឃើញម៉ូតូស៊េរីថ្មីៗ ចំនួន៤គ្រឿងបន្ថែមទៀត ដែលបានលាក់ទុកក្នុងផ្ទះជួលរបស់ខ្លួន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅក្នុងតំបន់ទួលខ្សាច់ ស្ថិតក្នុងក្រុម១២ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ កាលវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤នេះ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ាម សូ អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្តាល និងប្រពន្ធឈ្មោះ បេ ស្រីណា អាយុ២៤ឆ្នាំ មានទីលំនៅទីតាំងកើតហេតុខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ជនសង្ស័យជាប្តីនេះ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទប៉ុនប៉ងប្លន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយកាត់ទោសជាប់ពន្ធនាគារចំនួន៥ឆ្នាំ ហើយត្រូវបានតុលាការចេញដីការដោះលែង កាលពីថ្ងៃទី០៧ ឧសភា ២០១៣ បន្ទាប់ពីបានទទួលទោស និងបានបន្ធូរបន្ថយទោសគ្រប់ចំនួន ៕