ព័ត៌មានអន្តរជាតិ ៖ រហូតមកដល់ពេលនេះ យន្តហោះ Boeing 777-200 ចំនួន៣គ្រឿងហើយ ដែល ត្រូវបានធ្លាក់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងទឹកប្រាក់រាប់លានដុល្លារ។
ជាក់ស្តែងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុម ហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ប្រភេទ Boeing 777-200 ផ្ទុកដោយមនុស្ស ២៣៩នាក់ បាននឹង កំពុង បាត់ខ្លួន រហូតមកដល់បច្ចុប្បន្ន ខណៈធ្វើដំណើរ ចេញ ពី ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន។
ជាមួយគ្នានេះដែរ កាល ពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ កន្លងទៅ យន្តហោះដឹកអ្នកដំណើរមួយ គ្រឿង ទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ប្រភេទ Boeing 777-200 ដូចគ្នា ត្រូវបានគ្រាប់ មីស៊ីល បាញ់ទម្លាក់ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស ចំនួន ២៩៨ នាក់ បានស្លាប់ ក្នុងនោះមាន ៨០នាក់ជាក្មេង។
ដោយឡែកមួយករណីទៀត ការធ្លាក់យន្តហោះ Asiana Flight 214 នៅក្នុងទីក្រុង San Francicso កាលពីឆ្នាំ២០១៣កន្លងទៅ បណ្តាល ឲ្យ មនុស្ស ៣នាក់បានស្លាប់នោះ គឺជាការធ្លាក់ជាលើកដំបូង នៃយន្តហោះប្រភេទ Boeing 777-200 ចាប់តាំងពីចូលបម្រើសេវាកម្មដឹកជញ្ជូន តាំងពីឆ្នាំ១៩៩៥មក។
ខាងក្រោមនេះ គឺជាទិន្នន័យខ្លះៗ ពីយន្តហោះ Boeing 777 ៖
យន្តហោះ Boeing 777 ជា ប្រភេទ យន្តហោះម៉ាស៊ីនភ្លោះ មានបណ្តោយវែង ត្រូវបានអភិវឌ្ឍន៍ និង ផលិតឡើងដោយ ក្រុមហ៊ុន Boeing Co. របស់សហរដ្ឋអាម៉េរិក អាចផ្ទុកអ្នកធ្វើដំណើររហូតដល់ទៅ ២៨២នាក់ និងមានសមត្ថភាពអាចហោះហើរបានចម្ងាយចាប់ពី ៩.៦៩៦ រហូតដល់ ១៧.៣៧២ គីឡូ ម៉ែត្រ។
ក្នុងចំណោមប្រមាណ ១០០ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានចំនួន ១៥គ្រឿង ជាយន្តហោះប្រភេទ Boeing 777-200 ហើយបើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៤នេះ ក្រុមហ៊ុន ផលិតយន្តហោះ Boeing Co. បាន ផលិតយន្តហោះប្រភេទ Boeing 777-200 ចំនួន ១.១៧៨ គ្រឿង ហើយ៕