CamNews

ព័ត៌មានជាតិ 

តុលាការជម្រះជន ជាប់ចោទបក្ខពួក អតីមេក្លោង ជួញដូរគ្រឿងញៀន ហាក់ អៀង

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ បានបើកសវនាការ ជំនុំជម្រះ និងកាត់ ទោស កំបាំងមុខ និងចំពោះមុខ ជនជាប់ចោទ សង្ស័យមេខ្លោង ជួញដូរគ្រឿងញៀន ឈ្មោះ ហាក់ អៀង និងគូរកនចំនួន៥នាក់ទៀត ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន ចំនួន ១៤ គីឡូក្រាម ប្រព្រឹត្តកាល ពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សវនាការនេះ ជំនុំជម្រះដោយ ក្រុមប្រឹក្សាចៅក្រម នៃសាលាដំបូង រាជធានីភ្នំពេញ ដែលរួមមាន លោក លាង សំណាត់ជា ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ និង លោក ម៉ុង មុនីសោភា ជាសមាជិក និងលោក កុល បុន ព្រះរាជអាជ្ញារង គឺជាតំណាងអយ្យការ ព្រមទាំងមានវត្តមាន មេធាវី ការពារក្តីចូលផងដែរ។

យោងតាមឯកសារ របស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទទាំង៦នាក់នេះមាន ឈ្មោះ ១-ឈ្មោះ ជៀប គីអៀង ហៅហាក់ អៀង ភេទប្រុស អាយុ៤៧ឆ្នាំ ជាមេក្លោង ( ធ្លាប់ជាប់ពន្ធនាគារ ចំនួន ២លើក មកហើយ ), ២-ឈ្មោះ ឡុង វ៉ាន់ធី ភេទស្រី អាយុ៤៤ឆ្នាំ ជាប្រពន្ធរបស់ ហាក់ អៀង, ៣-ឈ្មោះ ស្រ៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ, ៤-ឈ្មោះ ម៉ា ផូវជួយ ភេទប្រុស អាយុ ២៦ឆ្នាំ, ៥-ឈ្មោះ ម៉ា សុខហេង ភេទប្រុស អាយុ ២៩ឆ្នាំ និង៦-ឈ្មោះ ម៉ុក ប៉ូឡូញ ភេទប្រុស អាយុ ៣២ឆ្នាំ។

ពួកគេទាំង ៦នាក់ ត្រូវបានតំណាង អយ្យការ ចោទប្រកាន់ ពីបទ«រក្សាទុក និង ជួញដូរគ្រឿងញៀន ខុសច្បាប់ និងប្រើប្រាស់អាវុធ ខុសច្បាប់ និង សមគំនិត ក្នុងអំពើជួញ ដូរគ្រឿងញៀន»។ ជនជាប់ចោទទាំង៦នាក់នេះ  ត្រូវបានការចុះបង្ក្រាប និងចាប់ខ្លួន ដោយកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងការិយាល័យជំនាញ ដែលពាក់ព័ន្ធ រួមទាំងព្រះរាជាអាជ្ញា នៅចំនុចផ្ទះលេខ៧៣, ៩៧, ៨០ និង៨២ ផ្លូវបេតុង(១១១k) ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។

ក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចចម្រុះ បានដកហូតវត្ថុតាង មួយចំនួន មានដូចជា ថ្នាំញៀនម៉ាទឹកកក និងយ៉ាម៉ា ចំនួន១៤គីឡូក្រាម ហើយរឹបអូស យករថយន្ត បានចំនួន៤គ្រឿង ព្រមទាំងកាំភ្លើង ខ្លីមួយដើម។  តុលាការនឹងប្រកាសសាលក្រម នៃសំណុំរឿងក្តីនេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP