CamNews

មិត្តជាទីស្រឡាញ់របស់ខ្ញុំ ស្លាប់នៅកោះពេជ្រ

ម៉ោងនេះ ថ្ងៃនេះ កាលពីបុណ្យអំទូកឆ្នាំចុងក្រោយ ខ្ញុំកំពុងរៀបចំខ្លួន ទៅកំសាន្ដជាមួយមិត្ត
មួយចំនួនរបស់ខ្ញុំ នៅកោះពេជ្រ ដែលកាលណោះ នៅមុនព្រឹត្តិការណ៍លើស្ពានពេជ្រ ប្រហែល
ពីរម៉ោង ពួកយើងសប្បាយរីករាយខ្លាំងណាស់។

នឹកឡើងគួរឱ្យសោកស្ដាយ! ខ្ញុំបានបាត់បង់មិត្តជាទីស្រឡាញ់ម្នាក់របស់ខ្ញុំ នាងបានចាកចេញ
ដោយមិនបានលា សូម្បីតែមួយពាក្យមួយម៉ាត់។

រាត្រី​​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ គឺសោកនាដកម្មដ៏ធំមួយដែលខ្ញុំមិនអាចបំភ្លេចបាន ក្នុងមួយ
ជាតិនេះ។ រាត្រីដ៏សែនរន្ធត់នោះ បានដក់ជាប់ក្នុងកែវភ្នែក និងចារទុកក្នុងបេះដូងខ្ញុំជានិច្ច បើ
ទោះជាខ្ញុំបានស្លាប់ក៏ដោយ។

ព្រលប់ថ្ងៃមុនពេលកើតហេតុ ខ្ញុំនឹងមិត្តភ័ក្ដិជាច្រើននាក់ បាននាំគ្នាដើរកំសាន្ដក្នុងក្ដីសប្បាយ
ជាងពេលណាៗទាំងអស់។ នៅពេលមកដល់គល់ស្ពានពេជ្រ យើងបានឮសម្លេងញាប់ញ័រ
របស់ស្ពានហាក់បីដូចជាសញ្ញាមួយប្រាប់ឱ្យដឹងថា នឹងមានសោកនាដកម្មធំកំពុងត្រៀមកើត
ឡើង ប៉ុន្ដែយើងមិនបានយកចិត្តទុកដាក់នោះទេ។

ប្រហែលមួយម៉ោងក្រោយ យើងខ្ញុំបាននាំគ្នាឆ្លងពីកោះពេជ្រ ទៅកាន់សួនច្បារសម្ដេច ហ៊ុន
សែន។ នៅពេលដើរដល់កណ្ដាលស្ពាន យើងបានដឹងថា ស្ថានភាពគឺពិតជាពិបាកឆ្លងកាត់
ខ្លាំងណាស់ ដោយសារតែនៅលើស្ពាន កំពុងតែពេញដោយមនុស្ស។ យើងបានសម្រេចចិត្ត
នាំគ្នាបន្ដដំណើរទៅមុខ ដោយដើរអែបមកក្បែរបង្កាន់ដៃស្ពាន។

លុះមកជិតដល់គល់ស្ពានម្ខាងទៀត ទើបយើងដឹងថា មិនអាចបន្ដដំណើរទៅមុខទៀតបាន។
ប្រហែលមួយម៉ោងក្រោយ នៅក្បែរយើងខ្ញុំ មនុស្សជាច្រើនហាក់ដូចកំពុងត្រដររកខ្យល់ ពួក
គេក៏ហាក់ដូចមនុស្សគ អញ្ចឹង ព្រោះថា ពួកគេមិននិយាយអ្វីទាំងអស់ ក្រៅតែពីការលើកដៃ
ឱ្យជួយ។ បន្ដែយើងបានរកវិធីចាកចេញពីស្ថានភាពដ៏អាក្រក់នេះ ដោយព្យាយាមឡើងលើ
បង្កាន់ដៃស្ពាន និងលោតទៅក្នុងដៃទន្លេនៅក្រោមស្ពាននេះ។

មិត្តរបស់ខ្ញុំមួយចំនួន បានលោតទៅក្នុងទន្លេ ប៉ុន្ដែមួយចំនួនក៏នៅជាប់គាំងនៅក្បែរបង្កាន់ដៃ
ស្ពាន។ ខ្ញុំបានព្យាយាម ប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចរំដោះខ្លួនចេញពីចង្កូមមជ្ជុរាជកំណាច
នេះ។ ប៉ុន្ដែ ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ដោយមិនអាចជួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ
បាន។

ពេលស្ថានភាពអាក្រក់ដល់កម្រិតកំពូល មនុស្សភាគច្រើនហាក់ដូចត្រូវមន្ដអាគម ចំណែកមិត្ត
ម្នាក់របស់ខ្ញុំក៏កំពុងជាប់ឃាំងនៅក្បែរបង្កាន់ដៃស្ពាន ខណៈដែលខ្ញុំនៅខាងក្រៅបង្កាន់ដៃ ក្បែរ
នាងផងដែរ។ យើងទាំងពីរ ហាក់ដូចកំពុងស្ថិតនៅក្នុងភពផ្សេងគ្នា ដោយមិនអាចជួយគ្នាបាន
គឺបានត្រឹមតែសម្លឹងមើលមុខគ្នា ដោយក្ដីរន្ធត់។

មួយសន្ទុះក្រោយមក មនុស្សកាន់តែច្រើនបានមកខាងក្រៅបង្កាន់ដៃស្ពាន ខ្លះជាន់លើដៃខ្ញុំ ខ្លះ
ជាន់ក្បាលខ្ញុំ ខ្លះជាន់ស្មារខ្ញុំដើម្បីអាចលោតចូលទៅក្នុងទន្លេ។ ដោយអស់សង្ឃឹម ខ្ញុំក៏សម្រេច
ចិត្តលោតទៅក្នុងទន្លេដើម្បីចាកចេញពីការស្លាប់ ទុកឱ្យមិត្តរបស់ខ្ញុំត្រូវបាត់បង់ជីវិតដោយគ្មាន
កំហុស និងហាក់បីដូចគ្មានន័យ។

ព្រឹត្តិការណ៍ដ៏រន្ធត់នេះ ពិតជាមេរៀនមួយដ៏ធំសម្រាប់ជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចបំភ្លេចបាន!!!

 

មិត្តអ្នកអាន
តាកែវ