CamNews

ព័ត៌មានជាតិ 

កូនលោកឧត្តមសេនីយ៍ ខ្វាន់ សៀម បុកគ្រឹះធ្វើអាគារ ប៉ះផ្ទះប្រជាពលរដ្ឋក្បែរខាង មិនទទួលខុសត្រូវហើយ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ បានបញ្ជាឱ្យកូនលោកឧត្តមសេនីយ៍ ខ្វាន់ សៀម ផ្អាកការសាងសង់សំណង់ជាបន្ទាន់ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីទទួលបណ្ដឹងពីប្រជាពលរដ្ឋថា បានបុកគ្រឹះធ្វើឲ្យប៉ះពាល់ដល់ ផ្ទះរបស់ពួកគាត់នៅក្បែរខាង។

ប្រជាពលរដ្ឋដែលផ្ទះរបស់គាត់ ទទួលរងការខូចខាតដោយសារតែបុកគ្រឹះនោះ បាននិយាយថា សំណង់នេះ បានចាប់ផ្ដើមបុកគ្រឹះតាំងពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ដែលករណីនេះបានបណ្ដាលឱ្យ ផ្ទះរបស់ពួកគាត់ដែលនៅជាប់នឹងការដ្ឋាននោះ មានការប្រះជញ្ជាំងស្ទើរគ្រប់កន្លែង និងធ្នឹម។ កូនលោកឧត្តមសេនីយ៍ត្រូវបានគេស្គាល់ឈ្មោះថា សឹង សុជាលី និងប្ដីឈ្មោះ ហ៊ីង ពៅ។

ដោយឡែកប្រជាពលរដ្ឋដែលរងគ្រោះ ដោយសំណង់នោះមាន២គ្រួសារ ទី១ឈ្មោះ លោក ព្រហ្ម ធុជថាន្នី ម្ចាស់ផ្ទះលេខ៨៤២E និងទី២ឈ្មោះ លោក អឿន អៀង ម្ចាស់ផ្ទះលេខ៨៧៤E មានទីតាំងក្នុងក្រុមទី៥ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កន្លងមកពួកគាត់ ក៏ធ្លាប់មានជម្លោះដោយសារការស្នើឱ្យផ្អាក ការបុកគ្រឹះនេះដែរ តែខាងកូនរបស់លោកឧត្តមសេនីយ៍ បានបញ្ជាឱ្យទានហាន ទៅឈរការពារ នៅក្នុងសំណង់នោះផងដែរ ហើយកូនលោកឧត្តមសេនីយ៍ បាននិយាយថា «អញបុកគ្រឹះលើដីរបស់អញ មិនទើសក្បាលអាណាទេ»

កន្លងមកនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ លោក តាំង ណារិន ចៅសង្កាត់ទឹកថ្លា ក៏បានទីជួយអន្តរាគមន៍ដែរ ជាលទ្ធផល កូនលោកឧត្តមសេនីយ៍ បានព្រមព្រៀងជួសជុលផ្ទះរបស់លោក អឿន អៀង ទាំងស្រុង ដោយឡែកផ្ទះរបស់លោក ព្រហ្ម ធុជថាន្នី មិនព្រមទទួលយកការជួសជុលទេ ដោយមូលហេតុផ្ទះរបស់លោក ខូចខាតធ្ងន់ធ្ងរពេក ហើយតម្រូវឱ្យធ្វើថ្មីឡើងវិញ ឬក៏លក់តាមតម្លៃទីផ្សាគឺ មានតម្លៃ៩ម៉ឺនដុល្លារ តែខាងកូនលោកឧត្តមសេនីយ៍ ឱ្យតែ៤ម៉ឺនប៉ុណ្ណោះ ហើយបានគំរាមថា «បើមិនលក់តម្លៃថោកឱ្យអញទេ អញមិនឱ្យនៅបានសុខទេ» ការនិយាយគំរាមនេះធ្វើឡើងដោយអាងខ្លួនជាកូនលោកធំ ធ្វើបាបរាស្រ្តតូតាច។

លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ បានប្រាប់ Fresh News ថា លោកបានបញ្ជាឲ្យផ្អាកសំណង់ជាបន្ទាន់ បើយត្រូវរង់ចាំសមត្ថកិច្ចពាក់ពន្ធ័សម្រេចលើផ្លួវច្បាប់។ លោកបានបន្ដថា លោកមិនដឹងថា អ្នកណា ធំ ប្ញតូចទេ សំខាន់ត្រូវគោរពច្បាប់ទាំងអស់គ្នា កាតព្វកិច្ចចំពោះមុខរបស់លោក គឺការពារពលរដ្ឋដែលជាម្ចាស់ឆ្នោត៕


 

 



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh