CamNews

សុខភាព 

ផ្លែឈើ ៥ប្រភេទជួយឱ្យអ្នកស្រកទម្ងន់

សុខភាព ៖ ការពិសាផ្លែឈើជាការចាំបាច់យ៉ាងពិតប្រាកដ ដើម្បីបានរាងកាយប្រកបដោយសុខភាពល្អ ប៉ុន្ដែផ្លែឈើមួយចំនួនក៏អាចមានប្រសិទ្ធភាពជំនួយដល់អ្នកក្នុងការសម្រកទម្ងន់ដែរ។ យើងនឹងពន្យល់ពីប្រភេទផ្លែឈើ ដែលអាចដាក់បញ្ចូល នៅក្នុងរបបអាហារបស់អ្នក ហើយក្នុងរយៈពេលខ្លីអ្នកនឹងបានកត់ចំណាំពីវិធីដែលផ្លែឈើទាំងនោះ នឹងជំនួយដល់អ្នកក្នុងការសម្រកទម្ងន់នៅក្នុងបែបផែនប្រកបដោយតុល្យភាព ដោយមិនបាត់បង់ថាមពល និងភាពក្លៀវក្លា ព្រមទាំងកាត់បន្ថយជាតិទឹកច្រើនលើសលប់ ខ្លាញ់ និងសារធាតុពុលផងដែរ។

ក្រូចឆ្មារ៖ ផ្លែឈើជូរប្រភេទនេះគឺល្អប្រសើរបំផុតសម្រាប់ការលាងសម្អាតឈាម ព្រមទាំងជំនួយដល់ការដុតកម្ទេចជាតិខ្លាញ់ច្រើនលើសកំណត់នៅក្នុងរាងកាយផងដែរ។ មនុស្សដែលរងវិបត្ដិដោយអាការៈក្ដៅចុងដង្ហើមក៏អាចពិសាវាបានដែរ ទោះវាមានជាតិអាស៊ីដក៏ដោយ ក៏វាមានគុណសម្បត្ដិដែលអាចជួយបំប្លែងជាតិអាស៊ីដឱ្យទៅជាប្រៃ នៅពេលដែលវាប៉ះទៅនឹងក្រពះ។ យើងសូមណែនាំឱ្យលោកអ្នកពិសាវាមុនពេលអាហារពេលព្រឹក នៅពេលថ្ងៃ ព្រមទាំងជាមួយអាហារ ជាពិសេសនៅពេលពិសាអាហារដែលសម្បូរខ្លាញ់។

ក្រូចថ្លុង៖ ក្រូចថ្លុង គឺជាផ្លែឈើដ៏ប្រសើរមួយប្រភេទសម្រាប់សម្រកទម្ងន់ ពីព្រោះវាជួយបង្ការការស្ទះធាតុរាវ ព្រមទាំងជួយលាងសម្អាតកាកសំណល់នៅក្នុងរាងកាយ ថែរក្សាថ្លើមឱ្យមានសុខភាពល្អ និងជួយឱ្យរលាយជាតិខ្លាញ់ផងដែរ។ អ្នកអាចពិសាសាច់ក្រូចថ្លុងនេះ ឬច្របាច់វាយកទឹកមកពិសា។ ប្រសិនបើអ្នកមិនចូលចិត្ដរសជាតិល្វីងរបស់វា អ្នកអាចបន្ថែមរសជាតិផ្អែមដោយដាក់បន្ថែមស្ករ Stevia។  ម្យ៉ាងទៀតអ្នកក៏អាចពិសាប្រេងចម្រាញ់ពីក្រូចថ្លុងបានដែរ ជាពិសេសគឺអំឡុងរដូវ ដែលមិនមានផ្លែឈើនេះ(ប៉ុន្ដែត្រូវឱ្យប្រាកដថា ប្រេងនេះគឺសម្រាប់ពិសា នៅពេលជាវវា)។ បន្តក់ប្រេងនេះមួយដំណក់ជាមួយនឹងទឹកឃ្មុំបន្តិច និងពិសាជារៀងរាល់ព្រឹក។

ផ្លែឪឡឹក៖ ដោយសារបរិមាណជាតិទឹកខ្ពស់របស់វា ទើបធ្វើឱ្យឪឡឹកនេះក្លាយជាអាហារធ្វើឱ្យឆាប់ឆ្អែត ដែលនឹងការពារអ្នកពីការពិសាអាហារឆ្អែតជ្រុល ខណៈពេលវាមានប្រសិទ្ធភាពជាឱសថបញ្ចុះទឹកមូត្រដ៏អស្ចារ្យផងដែរ។ បរិមាណជាង ៩០% នៃទម្ងន់របស់វាគឺជាជាតិទឹក ហើយវាមានតែ ២០កាល់ឡូរីប៉ុណ្ណោះ នៅក្នុងឪឡឹក ១០០ក្រាម។ ម្យ៉ាងទៀតវាសម្បូរដោយវីតាមីនC និងក្រុមវីតាមីនB ប៉ូតាស្យូម និង Lycopene ជាសារធាតុដែលជួយការពារជំងឺមហារីក។ វាក៏សំខា​ន់ផងដែរថា អ្នកមិនចាំបាច់ពិសាវាលាយជាមួយអាហារ ឬពិសាដូចបង្អែមនោះទេ ពីព្រោះដោយសារវាមានផ្ទុកបរិមាណជាតិទឹក ​និងជាតិស្ករខ្ពស់ វានាំឱ្យពិបាករំលាយអាហារ និងបណ្ដាលឱ្យអ្នកឡើងទម្ងន់ផងដែរ។ យើងសូមណែនាំឱ្យអ្នកពិសាវាមុនអាហារពេលព្រឹក ឬនៅចន្លោះពេលពិសាអាហារ។ អ្នកអាចពិសាវាតែម្ដង ឬយកវាទៅក្រឡុក ដោយដាក់បន្ថែមទឹកក្រូចឆ្មារបន្តិច។ សូមកុំយកគ្រាប់ចេញពីព្រោះគ្រាប់ក៏មានគុណប្រយោជន៍ដល់សុខភាពដែរ។

ផ្លែប៉ោម៖  មនុស្សជាច្រើនចាត់ទុកថា ផ្លែប៉ោមគឺជាផ្លែឈើដែលពិបាកញ៉ាំ ប៉ុន្ដែវាគឺជាផ្លែឈើមួយប្រភេទដែលមានគុណប្រយោជន៍ប្រសើរចំពោះសុខភាព ហើយវាត្រូវបានអ្នកជំនាញណែនាំឱ្យពិសាមួយផ្លែក្នុងមួយថ្ងៃ។ ប្រសិនបើវាត្រូវបានដាំដោយធម្មជាតិមិនប្រើសារធាតុគីមី សូមពិសាវាទាំងសម្បក ដែលនឹងជួយដល់រាងកាយរបស់អ្នកក្នុងការដុតកម្ទេចជាតិខ្លាញ់ដោយសារជាតិអាស៊ីដ Ursolic របស់វា។ ម្យ៉ាងទៀត វាសម្បូរដោយជាតិសរសៃ Fiber ហើយអាចពិសាទាំងឆៅ ឬស្ងោរ។

ល្ហុង៖ ល្ហុងគឺជាផ្លែឈើដ៏ឆ្ងាញ់ពិសា ដែលសម្បូរដោយជាតិសរសៃ Fiber និងជាតិទឹក និងផ្ទុកជាតិកាល់ឡូរីទាប។ យើងសូមណែនាំឱ្យអ្នកចាប់ផ្ដើមថ្ងៃថ្មី ដោយការពិសាល្ហុងទុំមួយចំណិតល្មម ឬយកវាទៅកិនធ្វើទឹកក្រឡុកញ៉ាំ ហើយអ្នកក៏អាចបន្ថែមគ្រាប់ ពីរបីគ្រាប់ចូលផងដែរ។ ទឹកក្រឡុកនេះគឺជាឱសថធម្មជាតិសម្រាប់ប្រឆាំងនឹងប៉ារ៉ាស៊ីតក្នុងពោះវៀន ដែលតែងតែធ្វើឱ្យយើងឃ្លានអាហារ។ ម្យ៉ាងទៀតវាសម្បូរដោយវីតាមីនC Folic អាស៊ីដ វីតាមីនA វីតាមីនE និងវីតាមីនK ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖  steptohealth


Tags: Health news