ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់ បានទទួលរងរបួសធ្ងន់ និង ស្រាល នៅពេល ដែលយន្តហោះអាហ្វ្រិកខាងត្បូងមួយគ្រឿង ហោះទៅ កាន់ទីក្រុងហុងកុង បានជួបនូវស្ថានការណ៍ច្រ បូលច្របល់ដ៏ធ្ងន់ធ្ងរ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។
ប្រភពបន្តអោយដឹងថា មនុស្ស ២ នាក់ បានរងរបួសធ្ងន់ ដោយនៅក្នុងនោះ ពួកគេទាំងពីរនាក់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ នៅពេលដែលយន្តហោះ បានចុះចត ។ សេចក្តីរាយការណ៍ បន្តអោយ ដឹងថា យន្តហោះខាងលើ មានជើងហោះហើរ SA286 ហោះចាកចេញពីទីក្រុង Johannesburg កាលពី ថ្ងៃអង្គារ នឹងបានចុះចត នៅទីក្រុង ហុងកុង កាលពីថ្ងៃពុធ ។ យ៉ាងណាមិញ តាមការអោយដឹងពីក្រុម ហ៊ុនអាកាសចរណ៍ បញ្ជាក់បានថា ក្រុមអ្នកដំណើរទាំង ១៦៥ នាក់ បាន មានវត្តមាននៅលើយន្តហោះ ខណៈពេលដែល យន្តហោះខាងលើ បានជួបនឹងស្ថានការណ៍ ច្របូកច្របល់ លើដែនអាកាស ប្រទេស ម៉ាឡេស៊ី ។
សាក្សីម្នាក់ ផ្តល់ជាកិច្ចសម្ភាសន៍ ដល់កាសែតហុងកុង South China Morning Post អោយដឹងថាក្រុម មនុស្សជាអ្នកធ្វើដំណើរ ជាច្រើននាក់ បានរងគ្រោះ ដោយក្បាលបុកទៅនឹង ពិដាន ដែលជាហេតុបាន បណ្តាលអោយមានការ របួសក្បាល និង គ្រេចក ជាដើម ។
ទូរទស្សន៍ក្នុងស្រុក បានចាប់យក និងផ្សាយ ទិដ្ឋភាពទាំងស្រុក នៅឯអាកាសយានដ្ឋាន ក្រុងហុងកុង ដោយនៅក្នុងនោះ ក្រុមការងារ បានចុះជួយសង្គ្រោះ ជនរងគ្រោះ ទៅ មន្ទីរពេទ្យ ក្រោយពីយន្តហោះ ខាងលើបានចុះចត ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១២ និង ៣០ នាទី ត្រង់ ។
អ្នកនាំពាក្យអោយអាកាសចរណ៍ អាហ្វ្រិក ខាងត្បូង បញ្ជាក់អោយដឹងថា ក្រុមអ្នកធ្វើដំណើរ ១៧ នាក់ និង បុគ្គលិក ៣ នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ តែ ស្ថានភាពជាក់ស្តែង របស់ពួកគេ ពុំទាន់បញ្ជាក់ អោយដឹងច្បាស់នៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី