CamNews

ព័ត៌មានជាតិ 

ស៊ីម៉ាក និងសមត្ថកិច្ច ខេត្ដកណ្ដាល ចុះ ស្រង់យកគ្រាប់ MK82 ទម្ងន់ ២២៧គីឡូ ក្រាម ក្នុងទឹកទន្លេមេគង្គ

ភ្នំពេញ ៖  កម្លាំងមជ្ឈមណ្ឌលកំចាត់មីន កម្ពុជា  ហៅកាត់ថា ស៊ីម៉ាក បានសហការ ជាមួយកម្លាំង សមត្ថកិច្ច ខេត្ដកណ្ដាល បាន បើកប្រតិបត្ដិការ ចុះស្រង់គ្រាប់បែក ម៉ាកMK82 សម្រាប់ទម្លាក់ ពីលើយន្ដហោះ របស់សហរដ្ឋអាមេរិក ចេញពីទឹកទន្លេមេគង្គ ក្នុងភូមិល្វាសលើ ឃុំល្វាស ស្រុកល្វាឯម ខេត្ដកណ្ដាល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្ដកណ្ដាល បានឱ្យដឹងថា កម្លាំងប្រតិបត្ដិការជិត១០នាក់ បានប្រើកាណូត ពីរគ្រឿង ចុះស្រង់យកគ្រាប់បែកមួយគ្រាប់នេះ ដែលមានទម្ងន់ ៥០០ផោន ស្មើ២២៧គីឡូក្រាម ប្រវែង២.២២ម៉ែត្រ មុខកាត់ ២៧៣មិល្លីម៉ែត្រ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋអ្នកនេសាទ បានបង់ សំណាញ់ ស្រាប់តែប្រទះឃើញ គ្រាប់ដ៏ធំមួយនេះ នៅក្នុងទឹកទន្លេមេគង្គ ទើបរាយការណ៍សមត្ថកិច្ច ហើយសមត្ថកិច្ច ខេត្ដកណ្ដាល ក៏រាយការណ៍ខាងស៊ីម៉ាក ។

នៅពេលនោះ ក្រុមមុខទឹករបស់ស៊ីម៉ាក បានមកសាកល្បងម៉ាស៊ីនមុខទឹក ដើម្បីរាវរកគ្រាប់ នៅតាមដង ទន្លេមេគង្គហើយ ក៏បានបើកប្រតិបត្ដិការ ចុះរាវរកនិងស្រង់គ្រាប់ដ៏ធំមួយនេះ ក្នុងជំរៅទឹក៥ម៉ែត្រ មកដាក់លើគោក ។

ក្រោយពីស្រង់គ្រាប់រួចហើយ ក្រុមការងារ បានដឹកយកគ្រាប់ទៅកាត់ក្បាល នៅចំណុចបឹងជោរជន់ ក្នុងឃុំល្វាស មុនពេលដឹកយកទៅរក្សា នៅកន្លែងស៊ីម៉ាក ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal