ភ្នំពេញ៖ ករណីឃាតកម្ម ចាក់សម្លាប់អ្នកគ្រូក្រមុំ ចោលសពនៅក្បែរចំការអ្នកស្រុក នៅស្រុកស្អាង រហូតមកដល់ពេលនេះ គេរកឃើញមុខឃាតកដៃដល់បានហើយ គឺបុរសជាសង្សាររបស់នាងតែម្តង ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនសួរនាំ បន្ទាប់ពីរកឃើញសាកសព។
នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ យោងតាមការអះអាងពីសមត្ថកិច្ចឃាត់កណ្តាល បានឲ្យដឹងថា ជនសង្ស័យដែលជាសង្សារត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំនោះ បានឆ្លើយសារភាពហើយ ថាខ្លួនគឺជាឃាតកចាក់សម្លាប់នាង ព្រោះតែខឹងនាងបង្ខំឲ្យខ្លួនទៅចុះអេតាស៊ីវិល និងរៀបការ រួមទាំងគំរាមឲ្យខ្លួនផ្តាច់ទំនាក់ទំនងជាមួយនិងសង្សារចាស់ផងដែរ។
ករណីឃាតកម្មចាក់សម្លាប់យ៉ាងសាហាវ ដោយកាំបិតសើ្ទរសុះសាច់ទៅលើអ្នកគ្រូក្រមុំខាងលើនេះ ត្រូវបានគេប្រទះឃើញសាកសពនៅចំណុចតាមផ្លូវលំ ក្បែរចំការអ្នកស្រុកមួយកន្លែង ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាវេលាព្រឹកព្រលឹម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ ដោយអ្នកធ្វើចំការ ដែលធ្វើដំណើរប្រទះឃើញ។
សាកសពអ្នកគ្រូក្រមុំខាងលើនេះ ដោយបានគេស្គាល់ឈ្មោះ ផែន សុភាវី អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងស្រុកភូមិកើតហេតុ និងមានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៅក្រុងតាខ្មៅ និងស្នាក់នៅផ្ទះជួល ក្បែរកន្លែងបង្រៀន។
តាមសាក្សីបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹក ខណៈពួកគាត់នាំគ្នាធ្វើដំណើរទៅចំការ ក៏ប្រទះឃើញសាកសពស្រ្តីវ័យក្មេងខាងលើ ដេកស្លាប់នៅក្បែរចិញ្ចើមផ្លូវ ដោយមានស្នាមមុខរបួស និងឈាមហូរជោក ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យ។ នៅលើខ្លួនសាកសព គេពិនិត្យឃើញមានស្នាមចាក់ដោយកាំបិតចំនួន ២៨កន្លែង សើ្ទរតែសុះពេញនិងដងខ្លួន រួមទាំងមានសម្ភារប្រើប្រាស់ផ្ទាល់ខ្លួននៅរាយប៉ាយក្បែរសាកសពផងដែរ។ ក្រោយធ្វើការត្រួតពិនិត្យសាកសពរួច និងបើកការស៊ើបអង្កេតលើករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ រុំ សុងហេង អាយុ ២១ឆ្នាំមានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀនជាមួយស្រ្តីរងគ្រោះ ស្នាក់នៅផ្ទះជួលបន្ទប់ក្បែរគ្នា ហើយត្រូវបានគេអះអាងថា ក៏ជាសង្សារនឹងគ្នាផងដែរ។ ប៉ុន្តែក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ ជនសង្ស័យរូបនេះមិនបានឆ្លើយសារភាពអ្វីនោះទេ តែសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចមានពាក់ព័ន្ធទៅនឹងជនសង្ស័យរូបនេះ ដោយសារតែសមត្ថកិច្ចពិនិត្យឃើញថា នៅដៃរបស់ជនសង្ស័យមានស្នាមមុខរបួសដោយកាំបិត ហើយខណៈទៅឆែកឆេរនៅបន្ទប់ស្នាក់នៅរបស់គេ ក៏បានរកឃើញខោអាវ មានប្រឡាក់ឈាមផងដែរ ។
ពាក់ព័ន្ធទៅនឹងឃាតកម្មខាងលើនេះ បើតាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះជួល តាំងពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មកម៉្លេះ ដោយគេមិនបានដឹងថា នាងទៅណានោះឡើយ ព្រោះមិនបានឃើញនៅក្នុងបន្ទប់ដេក។ លុះស្អែកឡើងក៏មានការភ្ញាក់ផ្អើលឆោឡោ ថាស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរចំការអ្នកស្រុក ដោយមានស្នាមចាក់ជា ច្រើនកាំបិតតែម្តងទៅ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល