CamNews

ព័ត៌មានជាតិ 

នាយឧត្តមសេនីយ៍ គន់ គីម ចូលរួមក្នុង ពិធីលំហាត់ សាកល្បង បាញ់គ្រាប់ពិត នៅកំពង់ស្ពឺ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងវិធីដែលកងកម្លាំង នៃបញ្ជាការដ្ឋាន កង រថក្រោះអគ្គបញ្ជាការ ប្រមាណជាង ១០០នាក់ បានធ្វើលំហាត់សាកល្បងបាញ់គ្រាប់ពិត ប្រភេទកាំភ្លើង ធំ១០០មម និង PKJលើរថក្រោះ ដោយចល័ត និងប្រើប្រាស់ប្រព័ន្ធ ស្ថេរភាព នៅភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ក៏មានការអមដំណើរពីសំណាក់ អគ្គមេបញ្ជាការង នាយឧត្តមសេនីយ៏ជា តារា, នាយឧត្តមសេនីយ៏ គីម ប៊ុនថាន និងនាយទាហានជាថ្នាក់ដឹកនាំចំណុះស្ថាប័នអគ្គបញ្ជាការដ្ឋាន ជាច្រើនរូបទៀត។

តាមសេចក្តីរាយការណ៏ របស់មេបញ្ជាការដ្ឋានកងរថក្រោះ ឧត្តមសេនីយ៏ឯក ឡាញ់ កៅ បានបញ្ជាក់ ឲ្យដឹងថា នេះជាលើកដំបូង ហើយ ចាប់តាំងពីការកកើតឡើងជាថ្មី កាលពីទសវត្សទី៨០ ដែលកងរថក្រោះ បានធ្វើការបាញ់កាំភ្លើងធំនៅលើរថក្រោះ ដោយចល័ត និងប្រើប្រាស់ប្រព័ន្ធស្ថេរភាព ដែលវិធីបាញ់ គឺផ្អាកបាញ់មួយកន្លែង ឬឈរមួយកន្លែងបាញ់តែម្តង។

លោកមេបញ្ជាការកងរថក្រោះ បានបន្តថា ខ្លឹមសារសំខាន់នៃវគ្គហ្វឹកហ្វឺននេះ គឺធ្វើឲ្យយោធិនចេះធ្វើ ផែនការ ហ្វឹកហ្វឺន ផែនការប្រយុទ្ធ ការថែទាំបច្ចេកទេស ការគ្រប់គ្រងកម្លាំង អប់រំចិត្តសាស្រ្ត ការប្រើ ប្រាស់រថក្រោះ រថពាសដែក វិទ្យុទាក់ទង និងចេះបាញ់ផ្លោង ដោយចេះប្រើប្រាស់ប្រព័ន្ធស្ថេរភាព។

មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលហ្វឹកហ្វឺន ដែលទទួលបានដោយកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ដ ប្រាជ្ញាស្មារតីទទួលខុស ត្រូវខ្ពស់របស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរថក្រោះ នាយទាហាន យោធាចារ្យ ព្រម ទាំងកម្មសិក្សាការីទាំងអស់ ដែលបានខិតខំពុះពារជំរុញឱ្យវគ្គហ្វឹកហ្វឺននេះ ដំណើរការបានដោយរលូន ។

លោកនាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការង បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហានពលទាហាន នៃបញ្ជាការ ដ្ឋានកងរថក្រោះ ត្រូវបន្ដខិតខំពង្រឹងពង្រីកស្នាដៃធំៗថ្មីៗថែមទៀត ក្នុងកសាងកងឯកភាពឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន មានគ្រប់លទ្ធភាពក្នុងកិច្ចការពារបុព្វហេតុជាតិ និងអភិវឌ្ឍមាតុភូមិស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។

ជាមួយនឹងដំណើរចុះពិនិត្យ ការបាញ់កាំភ្លើងធំ១០០មម និងPKJ នាឱកាសនោះដែរ នាយឧត្តមសេនីយ៏ គន់ គីមក៏បានឧបត្ថម្ភ ដល់កម្មវិធីនូវថវិកាចំនួន ៥លានរៀលផងដែរ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP