CamNews

ព័ត៌មានជាតិ 

ក្រុមចោរ ប្រដាប់អាវុធ ចូលបាញ់ប្លន់យក ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ មួយចំនួន រួចរត់ គេចខ្លួនបាត់

ត្បូងឃ្មុំៈ ក្រុមចោរប្រដាប់ដោយកាំភ្លើង២ នាក់ បានធ្វើសកម្មភាព ចូលបាញ់ប្លន់យក ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដោយបានបាញ់គំរាម បណ្តាលឲ្យជនរងគ្រោះរងរបួស ហើយបានយកទ្រព្យសម្បតិ្ត មួយចំនួន ធ្វើការរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ១៩:៣០ នាទី នៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពី លោកវរសេនីយ៍ត្រី  ឡុង សារិន បានឲ្យដឹងថា វេលាម៉ោង ១៩:៣០ នាទី យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ មានជនល្មើស២ នាក់ស្លៀកពាក់ស៊ីវីល ពាក់អាវសៗប្រផេះ  មាឌស្តើង កំពស់ប្រហែល ១,៦៥ ម៉ែត្រ អាយុប្រហែល 30 ឆ្នាំជាតិខ្មែរ មធ្យោបាយថ្មើរជើង ប្រដាប់ដោយកាំភ្លើងខ្លី k59 ប្រើគ្រាប់លុក កែច្នៃ ធ្វើសកម្មភាពចូល ប្លន់ទ្រព្យសម្បត្តិ នៅផ្ទះប្រជាពលរដ្ឋឈ្មោះ តុល តុង ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិឃុំ ខាងលើ ។

ប្រភពដដែលបានបន្តថា ក្នុងពេលធ្វើសកម្មភាព ជនល្មើសបានបាញ់ ចំនួន២គ្រាប់ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ អ៊ឹម ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ ជាកូនប្រសារម្ចាស់ផ្ទះ បណ្តាលឲ្យ រងរបួសភ្លៅខាងឆ្វេង ហើយត្រូវ ក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យ សម្តេចម៉ែ (ក្រុងសួង) ។

នៅក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធខាងលើនេះ ជនល្មើសបានលួចយក សំភារៈ មួយចំនួន ខ្សែក ផ្លាកទីន មួយខ្សែ មានតម្លៃប្រហែល ៤០ម៉ីនរៀល។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុង ធ្វើសកម្មភាព ត្រួតពិនិត្យ កន្លែងកើតហេតុ  និងពង្រាយកម្លាំងជាច្រើន តាមច្រករបៀង សំខាន់ៗ ជុំវិញកន្លែង កើតហេតុ ស្វែងរកជនល្មើស៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Tbong Khmum