CamNews

ព័ត៌មានបច្ចេកវិទ្យា 

Bill Gates ថា Microsoft ទិញយក LinkedIn គឺដើម្បីទប់ទល់នឹង Facebook

Google  និង Facebook ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងនៅក្នុង
ស្រទាប់មនុស្សទូទៅ ដូច្នេះ Microsoft ក៏បានសម្រេចចិត្តទិញយក LinkedIn ព្រោះមើលឃើញ
ថា LinkedIn អាចជួយឱ្យ Microsoft​ មានកម្លាំងក្នុងការទប់ទល់នឹង Facebook ឬ Google។

អតិត CEO របស់ Microsoft គឺលោក Bill Gates ឱ្យដឹងថា លោកមានការពេញចិត្តនឹងការទិញ
យក LinkedIn ដែលមានតម្លៃ ២៦,២ពាន់លានដុល្លារ។ លោកយល់ថា LinkedIn នឹងជួយលោក ក្នុងការស្ថាបនាបណ្ដាញសង្គមអាជីវកម្មសម្រាប់ពិភពការងារ ដូចដែល Facebook បានបង្កើត
បណ្ដាញសង្គម។

លោក Bill Gates បានថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Bloomberg TV ថា ៖ “បើសិន​ជាយើងអាចបង្កើតបាននូវអ្វីមួយដែលមានតម្លៃប្រហាក់ប្រហែលនឹងទន្នន័យនៅលើបណ្ដាញ
សង្គម Facebook នោះគឺជាប្រការច្នៃប្រឌិតដែលមានតម្លៃខ្ពស់ ហើយវានឹងកើតឡើងនៅក្នុង
រយៈពេលប៉ុន្មានឆ្នាំខាងមុខ”។

ដូច្នេះ នៅថ្ងៃណាមួយ អ្នកនឹងនិយាយថា ៖ “ឯកសារការងារទាំងអស់របស់ខ្ញុំ គឺនៅលើ LinkedIn ក្នុងនោះមានប្រាប់អំពីវិធីដែលខ្ញុំស្វែងយល់អំពីមុខរបរ ក្រុមហ៊ុន និងវិស័យឧស្សហកម្មរបស់
ខ្លួន”។

សូមរំលឹកថា ខណៈដែលបណ្ដាគេហទំព័រសម្រាប់អ្នកប្រើប្រាស់ កំពុងត្រូវបានគ្រប់គ្រងដោយ
Google ឬ Facebook គេឃើញថា Microsoft កំពុងតែបោះបង់ឱកាសប្រហាក់ប្រហែលនេះ។
ដូច្នេះ ការទិញយក LinkedIn គឺជាវិធីមួយដែលអាចជួយឱ្យក្រុមហ៊ុន Microsoft តាមទាន់គូ
ប្រជែងរបស់ខ្លួន។

មកដល់ពេលនេះ ការទិញដូរក្រុមហ៊ុន ដែលមានតម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក ដែល
ត្រូវបានប្រកាសកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ គឺជាការទិញដូរធំបំផុតក្នុងវិស័យបច្ចេក
វិទ្យា។ ប្រការនេះក៏បានបង្កជាសម្ពាធមួយទៅលើតម្លៃមូលបត្ររបស់ Microsoft ក្នុងសប្ដាហ៍
នេះ។

Microsoft ទិញយក LinkedIn តម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក

សូមបញ្ជាក់ថា ថ្វីបើលោក Bill Gates លែងជា CEO របស់ Microsoft ប៉ុន្តែ លោក នៅតែជា
សមាជិកនៃក្រុមអភិបាលរបស់ក្រុមហ៊ុននេះ។ យ៉ាងនេះក្ដី លោក ហាក់ដូចមិនមានការយកចិត្ត​ទុកដាក់ខ្លាំងទៅលើតម្លៃភាគហ៊ុនដែលបានធ្លាក់ចុះ ២% បន្ទាប់ពីការប្រការអំពីការទិញដូរ
ខាងលើ។

លោក Bill Gates ឱ្យដឹងថា ៖​ “ខ្ញុំជឿថា តម្លៃនៃការច្របាច់ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ គឺ
មានកម្លាំងធំជាង បើធៀបនឹងក្រុមហ៊ុនមួយៗដាច់ដោយឡែក”។

ប្រែសម្រួល ៖ បុត្រា


Tags: Bill Gates Microsoft ទិញយក LinkedIn