(ភ្នំពេញ)៖ តារាស្រីរូបស្រស់ សម្តែងក្នុងឈុតកាយវិកាខារ៉ាអូខេបទ «ស្រុកខ្មែរចាំអូន» របស់លោក ខាន់ ជេមស៍ កញ្ញា សួង សុខារ៉ានីត ថ្មីៗនេះ ត្រូវបានប្រភពបង្ហើបថា នាងហាក់មានការអាក់អន់ស្រពន់ចិត្តខ្លាំង ជាមួយអ្នកជ្រើសរើសតួសម្តែងម្នាក់ រួមនឹងតារាស្រីចំនួនពីរនាក់ផ្សេងទៀត ដែលចូលចិត្តធ្វើការងារនិយមបក្សពួក និងគ្មានហេតុផលច្បាស់លាស់។
ប្រភពពីចង្កោមអ្នកសិល្បៈ បានបង្ហើបមកថា តារាសម្តែងសម្តីស្រទន់កញ្ញា សួង សុខារ៉ានីត មុននេះបន្តិចបានផ្ទុះជម្លោះ និងមានការអន់ចិត្តខ្លាំង ជាមួយបុរសម្នាក់ ដែលគេដឹងថាជាអ្នកជ្រើសរើសតួសម្តែង ប្រចាំស្ថាននីយទូរទស្សន៍ក្នុងស្រុកមួយ ខណៈបុគ្គលរូបនេះ ធ្វើការងារតាមរយៈខ្សែ និងបក្សពួកនិយម ហើយគ្មានហេតុផល ពោលគឺស្តាប់តាមតែការញុះញុងរបស់ភាគីម្ខាងៗ រហូតធ្វើឲ្យនាងបញ្ចេញអារម្មណ៍ មិនសប្បាយចិត្តជាមួយមនុស្ស ប្រភេទនេះ។
ឆ្លើយតបនឹងការលើកឡើងខាងលើនេះ តារាសម្តែងស្រីមានប្រជាប្រិយភាព កញ្ញា សួង សុខារ៉ានីត បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា «ចា៎..បង ! ជាការពិតខ្ញុំមានបញ្ហាខ្លះៗជាមួយក្រុមការងារសម្តែងមែន ព្រោះគេអត់សូវយល់ពីការងារ និងឲ្យតម្លៃលើខ្លួនខ្ញុំខ្លះផងហ្នឹង។ ហៅគ្នាទៅថតនៅខេត្ត ប៉ុន្តែពេលទៅដល់ បែរជាទុកចោលពន្យាពេល ហើយដល់ថ្ងៃដែលត្រូវត្រឡប់ មកថតភាពយន្តផ្សេងមួយទៀត នៅភ្នំពេញវិញ បែរជាថាខ្ញុំមិនគោរពវេលា ធ្វើបាបខ្ញុំតែម្នាក់ចឹង!»។
កញ្ញា សួង សុខារ៉ានីត បាននិយាយទៀត «ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាន់តែតួធំទើបទទួលសម្តែងនោះទេ តួអ្វីក៏ខ្ញុំសម្តែងបានដែរ ប៉ុន្តែប៉ុណ្ណឹងហើយ នៅតែមិនយល់ពីខ្ញុំទៀត។ ម្យ៉ាងទៀតសម្រាប់អ្នកជ្រើសរើស តួសម្តែងម្នាក់នេះ គឺគាត់អត់ស្តាប់ហេតុផល ប្រកាន់យកតែត្រូវរហូត ដូច្នេះជាហេតុធ្វើឲ្យខ្ញុំពិបាក ធ្វើការងារជាមួយណាស់។ រីឯតួឯកស្រីពីរនាក់ទៀត គឺបានតែផ្អែមពីខាងមុខទេ តែក្រោយខ្នងវិញ និយាយអាក្រក់ខ្ញុំយ៉ាងហុយ!»។
តារាសម្តែង សួង សុខារ៉ានីត បានបន្ថែមថា មិនមែនមានតែនាងម្នាក់ទេ គឺមានតារាល្បីផ្សេងៗទៀត គេពុំមែនចាំតែទទួលយក ការសម្តែងតែមួយរឿងទេ ពោលគឺម្នាក់ៗ គេត្រូវទទួលរហូត៣ឬ៤រឿងឯណោះ។ ចំណែកគេទាំងនោះ ម្ដេចក៏បែងចែកពេលវេលាឲ្យបាន ខុសអ្វីតែនាងបានធ្វើបែបនេះដាក់ ពេលដែលហៅគ្នាឡើងទៅថត ហេតុអ្វីក៏មិនព្រមឲ្យគ្នាថត ពេលដល់ថ្ងៃវិលមកភ្នំពេញ បែរជារករឿងទៅវិញ។
បន្ថែមពីនេះ សួង សុខារ៉ានីត កាលពីថ្មីនេះៗ ក៏បានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាងដែរថា« សម្រាប់ខ្ញុំ រស់នៅរាល់ថ្ងៃ គឺខ្លាចបំផុតការសាងភាពលំបាក ដល់អ្នកដទៃ តែបើរឿងជាក់ស្ដែង គឺខ្ញុំនៅចំចំណុចកណ្ដាល បើខ្ញុំរែកមិនបានល្អខាងណាមួយ គឺទុកឲ្យខ្ញុំប្រឈមុខអ្នកដោះស្រាយ ជាមួយមេដោយផ្ទាល់ទៅ បើអ្នកស្គាល់ខ្ញុំមិនច្បាស់ទេ ចាំខ្ញុំប្រាប់ គឺមនុស្សដូចខ្ញុំ ធ្វើអ្វីក៏ដោយ គឺមានភាពទទួលខុសត្រូវ បើនិយាយរឿងបុណ្យបាបវិញ បើអ្នកសាងល្អជួយខ្ញុំ កុំថាឡើយរឿងអ្វីផ្សេងធំ សូម្បីខ្ញុំជ្រកក្រោមដើមឈើរបស់គេ ក៏ខ្ញុំបន់ក្នុងចិត្តដឹងគុណគេដែរ មិនចាំបាច់ទាល់តែអ្នក មកប្រាប់ផ្ទាល់នោះទេ!»។
តារាស្រីកញ្ញា សួង សាខារ៉ានីត បានរៀបរាប់ទៀតថា «មួយទៀតធ្វើអ្វីក៏ដោយ ត្រូវបែងចែកឲ្យដាច់ការងារ គឺការងាររឿងផ្ទាល់ខ្លួន គឺរឿងផ្ទាល់ខ្លួន ចំពោះអ្នកមិនសូវចូលចិត្តខ្ញុំ វាជាសិទ្ធរបស់អ្នក ខ្ញុំហាមមិនបានតែសូមម្យ៉ាង កុំដើរនិយាយពន្លើសពីខ្ញុំ បើនិយាយត្រូវ និយាយឲ្យជាក់ស្ដែង មានគេមានខ្ញុំហើយសួរបក្សពួករបស់អ្នកឯងផង ជាពិសេសនាងតួឯកពីរនាក់ហ្នឹងម៉ង សួរនាងហ្នឹងទៅថា តើខ្ញុំធ្វើខុសទៅលើវាមុន ឬក៏វាមុន?»។
«បើចង់ដឹងថា អ្នកណាខុសអ្នកណាត្រូវ ហៅវាមកនិយាយទល់មុខគ្នា គឺរឹតតែល្អ ខ្ញុំយល់ធម៌ព្រះ ពោលមកថាអ្នកណាសាងល្អ គង់តែគេឃើញ តែបើមនុស្សអាក្រក់ វាដើរនិយាយបង្ខូចពីយើង គឺយើងអាចបាត់បង់ការងារ ដោយសារកាមានភាពលំអៀងរបស់វា ថាមិនត្រូវ គឺយើងត្រូវដាច់បាយស្លាប់ មុនពេលអំពើល្អលាតត្រដាង ក៏ថាបាន ចឹងបានថាយូៗទៅ គេធ្វើដូចឯងម៉ាគគោក អត់ជាន់មកជាន់ ទម្លាក់មកលើឯងតែម្នាក់ ដូចជាមិនសម គិតៗទៅតួតូចទឹកមាត់សាប ដូចទឹកទន្លេមែនវ៉េស សមមនុស្សឯង អត់ចេះអែបអប ផ្អែមមុខអាលួយពីក្រោយទៀតហ្នឹងម៉ង ហ៊ឺស មើលអូនល្អខ្លះផង!»។ នេះជាសម្ដី របស់តារាសម្ដែង សួង សុខារ៉ានីត បានបន្ថែម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង