(ភ្នំពេញ)៖ យុវតីវ័យក្មេង ដែលទទួលបានភាពល្បាញល្បីខ្លាំង លើបណ្តាញសង្គម Facebook តាមរយៈសកម្មភាពគាំទ្រនយោបាយ គណបក្សប្រឆាំង រួមនិងចលនាមនុស្សធម៌ ក្នុងសង្គមមួយចំនួន កញ្ញា ធី សុវណ្ណថា ហើយថែមទាំងទើប និងទិញរថយន្តទំនើបកប់សេរី Lexus 570 ស៊េរីឆ្នាំ២០១៦ តម្លៃជាង ២២ម៉ឺនដុល្លារ ទំនងអាចក្លាយជាវីរៈនារី ជួយសង្គ្រោះគណបក្សសង្គ្រោះជាតិ តាមរយៈការប្រកាសទាមទារ សិទ្ធិគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ និងសន្យាជំរុញឲ្យឆាប់ដំណើរការ។ នេះបើយោងតាមខ្លឹមសាររបស់កញ្ញា បានបន្ត Share ទៅលើ Facebook Page របស់នាង ដែលមានអ្នក Like ជាង១.៣លាននាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
កញ្ញា ធី សុវណ្ណថា បានសរេសរនៅលើ Facebook នៅព្រឹកថ្ងៃនេះ មានខ្លឹមសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំស្នើសុំសិទ្ធ គ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយ កិត្តិយសសង្គ្រោះជាតិឡើងវិញ រយៈពេល៦ខែ ខ្ញុំនឹងធ្វើឲ្យទូរទស្សន៍មានដំណើរការ»។
តាមការលើកឡើងរបស់មន្រ្តីគណបក្សសង្គ្រោះជាតិ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កញ្ញា ធី សុវណ្ណថា ត្រូវបានគេចាត់ទុកថា ជាយុវតីកម្ពុជាមួយរូប ដែលមានភាពលេចធ្លោរខ្លាំង ដែលហ៊ានចេញមុខដោយភាពក្លាហាន និងបើកចំហក្នុងការគាំទ្រដល់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ហ៊ានរិះគន់មិនសំចៃមាត់លើរាជរដ្ឋាភិបាល និងបានចូលរួមតាមវេទិកាតស៊ូមតិនានាផងដែរ ចំណុចទាំងនេះអាចបង្ហាញថា កញ្ញា ធី សុវណ្ណថា ជាយុវតីដែលពោរពេញដោយ សមត្ថភាពអាចគ្រប់គ្រងការងារទូលំទូលាយ និងទំនងអាចជួយសង្គ្រោះគណបក្សសង្គ្រោះជាតិ ក្នុងការដាក់ដំណើរការទូរទស្សន៍ព្រះអាទិត្យឲ្យបានឆាប់, ព្រោះថា កន្លងមកមូលនិធីប្រមូលប្រាក់ដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ ហាក់ដូចជា នៅមានភាពវែងឆ្ងាយ និងបញ្ហាច្រើនផងដែរ សូម្បីចំនួនប្រាក់ពិតប្រាកដយ៉ាងណានោះមិនទាន់ដឹងផង បូករួមនឹងមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន និងមិនចេះគ្រប់គ្រងការងារ របស់មន្រ្តីនៅក្នុងគណបក្ស។
«កញ្ញា ធី សុវណ្ណថា អាចជាវីរៈនារីជួយសង្គ្រោះគណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតទូរទស្សន៍ថ្មីនេះ ប្រសិនបើប្រគល់ការគ្រប់គ្រងទាំងនោះ ឲ្យកញ្ញាជាអ្នកកាន់កាប់» នេះបើយោងតាមការបញ្ជាក់ពី មន្រ្តីគណបក្សសង្គ្រោះជាតិឲ្យដឹងយ៉ាងដូច្នេះ។
បច្ចុប្បន្នកញ្ញា ធី សុវណ្ណថា គឺអគ្គនាយិកា អង្គការមួយឈ្មោះថា «យុវជនកិច្ចការសង្គម» ដែលអង្គការនេះកញ្ញាទទួលបានមូលនិធិ ១០ម៉ឺនដុល្លារ ពីសមាគមមួយ ក្នុងប្រទេសសិង្ហបុរី ដើម្បីជួយដល់កុមារក្រីក្រ នៅកម្ពុជាឲ្យទទួលបានការអប់រំ។ សកម្មភាពនេះអាចបង្ហាញថា កញ្ញាពិតជាសមត្ថភាព អាចគ្រប់គ្រងការងារបាន។
សូមជំរាបថា កាលពីម្សិលមិញ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះនៅលើ Facebook របស់កញ្ញា ប៉ុន្តែនៅថ្ងៃនេះ ធី សុវណ្ណថា បានបន្ត Share ទៅកាន់ Facebook Page របស់នាង ដែលមានចំនួនអ្នក Like ជាង១.៣លាននាក់។ ខ្លឹមសារ៖ «ខ្ញុំមានគម្រោង ស្នើសុំ សិទ្ធគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ខ្ញុំនឹងធ្វើឲ្យ ទូរទស្សន៍សង្គ្រោះជាតិដំណើរការឆាប់ៗ»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី