CamNews

សប្បុរសធម៌ 

ជីវិតទុរគតនិង ការតស៊ូរបស់ លោកយាយ មឿង មុំ ជន្មាយុ៨០ឆ្នាំ ទ្រាំរស់នៅទាំងពិការ

ពោធិ៍សាត់៖ នៅលើគ្រែដ៏តូចមួយ នៅក្រោមផ្ទះ ទាំងដៃនៅកំពុង ព្យួរសេរ៉ូម និងមានរទេះរុញ
ចាស់មួយគ្រឿង ព្រមទាំងមាន ឆ្នាំងបាយ និងចានពីរបីតែប៉ុណ្ណោះ លោកយាយ មឿង មុំ អាយុ
៨០ឆ្នាំ រស់នៅភូមិដូងជ្រុំ សង្កាត់ ព្រៃញី ក្រុងពោធិ៍សាត់ បានរៀបរាប់ទាំងទឹកភ្នែក រលីងរលោង
ថា រយៈពេលជិត៩ឆ្នាំ មកហើយដែល លោកយាយ ធ្លាក់ខ្លួនពិការកាយសម្បទា ទាំងអស់ដើរ
ទៅណាមិនរួចដោយសារ តែជំងឺលើសឈាម ។ មិនត្រឹមតែប៉ុណ្ណោះ កាលដែល លោកយាយ
នៅដើររកស៊ីបាន លោកយាយបានថែទាំចិញ្ចឹមចៅប្រុស-ស្រី ដល់ទៅ៣នាក់ ឯណោះ ដោយ
សារតែចៅប្រុស-ស្រីទាំង៣នាក់នោះ កំព្រាហើយនៅតូចៗ ឪពុកម្តាយរបស់គេបានស្លាប់ ចោល
កាលពីជាង ១៧ឆ្នាំកន្លងទៅ ដោយសារជំងឺប្រចាំកាយ ។

លោកយាយក៏បានរៀបរាប់ទាំងទឹកភ្នែកទៀតថា រហូតមកដល់ពេលនេះ លោកយាយគ្មានអ្វីទី
សង្ឃឹមទៀតទេ ពីព្រោះលោកយាយធ្លាក់ខ្លួនពិការ កាយសម្បទា រយៈពេលជិត៩ឆ្នាំមកហើយ។
ដោយសារតែគ្មានប្រាក់ ចិញ្ចឹម ចៅប្រុស-ស្រី ទាំងបីផងនោះ ចៅប្រុសច្បងរបស់លោកយាយ
ម្នាក់បានបង្ខំចិត្តឈប់រៀន មកស៊ីឈ្នួលធ្វើជាកូន ជាងឲ្យ អ្នកស្រុក ដើម្បីបានប្រាក់កម្រៃ បន្តិច
បន្តួចសម្រាប់ចិញ្ចឹមប្អូនៗ របស់គេដែលនៅសិក្សា ចំនួន២នាក់ និង ចិញ្ចឹមលោកយាយ ដែល
ពិការផង ។ ប៉ុន្តែបើទោះបីចៅប្រុសខិតខំដើរស៊ីឈ្នួល គេយ៉ាងណាក៏ដោយ ក៏ជីវភាព របស់
លោកយាយ និងចៅប្រុស-ស្រីទាំងបីនាក់ នៅតែមានការខ្វះខាត រកមុខខ្វះក្រោយដដែល ហើយ
ពេលខ្លះការ ទទួលទាន អាស្រ័យលើញាតិជិតខាង តែប៉ុណ្ណោះ ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិល លោកយាយ មឿង មុំ ក៏បានលើកដៃទាំងទ្វេរ សុំការសណ្តោសប្រណីពីសប្បុរសជន
ទាំងក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងសប្បុរសជន នានានៅក្រៅប្រទេស មេត្តាជួយដល់លោក
យាយផង ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល