CamNews

ព័ត៌មានជាតិ 

ប្តីវាយប្រពន្ធមួយពូថៅ របួសធ្ងន់ រួចយកសាំង ចាក់ដុតខ្លួនឯង រហូតស្លាប់

ព្រៃវែង៖ អំពើហិង្សាមួយបានកើតឡើង គួរឲ្យសង្វេគ និងតក់ស្លុត ក្រោយពេលបុរសជាប្តី បានយកពូថៅវាយប្រពន្ធមួយពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ធ្ងររួចហើយ យកសាំងចាក់ដុតមកលើខ្លួនឯងរហូតស្លាប់ យ៉ាងអណោចអធ័ម នៅម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥នេះ ស្ថិតនៅត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង។

ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ លោក សេង សុភក្រ្ត បានប្រាប់ឲ្យដឹងនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា បុរសជាប្តីមានឈ្មោះ ព្រំ ផ្លង់ អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ដោយឡែកស្រ្តីជាប្រពន្ធមានឈ្មោះ ម៉ាង ងួន អាយុ៦៥ឆ្នាំ។

លោក សេង សុភក្រ្ត បានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តី មានអារម្មណ៏មិនល្អ ហើយកើតជម្លោះជាមួយប្រពន្ធ ស្រាប់តែពេលនោះបានយកពូថៅវាយ ទៅលើប្រពន្ធ មួយពូថៅចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនសង្ស័យបានយកសាំងចាក់ ពីលើខ្លួនហើយដុតខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងផ្ទះតែម្តង។

បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ជូនកូននិងចៅ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Prey Veng