CamNews

កីឡា 

កីឡដ្ឋានភ្នំពេញក្រោន ទទួលកាដូរិះគន់យ៉ាង ចាស់ដៃ ក្រោយសាងសង់រួច

ភ្នំពេញ៖ ដើម្បីពង្រីកសក្ដានុពលរបស់ខ្លួន ក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ កីឡដ្ឋានស្ដង់ដា អន្ដរជាតិផ្ទាល់ខ្លួនដ៏ស្រស់ស្អាតមួយ (កីឡដ្ឋាន RSN) នៅលើទឹកដីខណ្ឌទួលគោក ប៉ុន្ដែនាពេលបច្ចុប្បន្ន ស្របពេលការសាងសង់ស្ទើរតែរួចជាស្ថាពរនោះ ស្រាប់តែមានមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ចំពោះការឆ្លាក់រូបសញ្ញា «ទង់ជាតិកម្ពុជា» នៅលើកៅអី សម្រាប់អង្គុយទស្សនា ។

ការរិះគន់ខាងលើកើតឡើង ក្រោយពេលក្លឹបភ្នំពេញក្រោនបានថតរូបភាពកីឡដ្ឋាន RSN បង្ហោះនៅលើគេហទំព័រ Facebook របស់ខ្លួន ហើយត្រូវបានអ្នកនិយមលេងប្រព័ន្ទទំនាក់ទំនងសង្គម យកទៅចែកចាយបន្ដ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលភ្លាមៗ សម្រាប់អ្នកដែលបានឃើញរូបទង់ជាតិ ត្រូវបានគេឆ្លាក់លើកៅអីអង្គុយទស្សនាការ ប្រកួតផ្នែកខាងឆ្វេងនៃកីឡដ្ឋានទៅវិញ ។

ក្រោយពីមើលឃើញរូបភាព «ទង់ជាតិ» ដែលជានិមិត្តសញ្ញាជាតិកម្ពុជា ផុសនៅលើកៅអី ដែលគេធ្វើសម្រាប់អង្គុយយ៉ាងដូច្នេះ ប្រិយមិត្តជាអ្នកនិយមលេង Facebook ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ជាពិសេសគឺប្រជាពលរដ្ឋ ខ្មែរតែម្ដង បាននាំគ្នាសរសេររិះគន់យ៉ាងខ្លាំង ដើម្បីស្នើឲ្យម្ចាស់ក្លឹបភ្នំពេញក្រោនធ្វើការកែទម្រង់ ទីតាំងកន្លែងអង្គុយនៃ កីឡដ្ឋានរបស់ខ្លួន ដែលមានរូបទង់ជាតិខ្មែរ សូមប្ដូរចេញ ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសជាតិ ដែលយកទង់ជាតិទៅ អង្គុយពីលើនោះ ។

ទោះជាយ៉ាងណា ការរិះគន់ខាងលើ មិនមែនក្នុងន័យបន្ទុចបង្អាក់ ឬបង្កាច់បង្ខូចធ្វើឲ្យកេរ្ដិ៍ឈ្មោះក្លឹបភ្នំពេញក្រោនធ្លាក់ ចុះនោះទេ ពោលគឺគ្រាន់តែរិះគន់ ដើម្បីស្ថាបនាតែប៉ុណ្ណោះ ព្រោះភ្នំពេញក្រោន ធ្វើកីឡដ្ឋាន RSN ក៏ក្នុងន័យដើម្បី ពង្រីកវិស័យបាល់ទាត់ខ្មែរឲ្យកាន់តែរីកចម្រើនផងដែរ ។ ហេតុនេះ គេគ្រាន់តែចង់ឲ្យថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោនផ្លាស់ ប្ដូររូបទង់ជាតិចេញ ហើយជំនួសវិញដោយរូបសញ្ញាអ្វីផ្សេង ដែលមិនប៉ះពាល់ដល់កិត្តិយសជាតិទៅបានហើយ ដើម្បីការពារការរិះគន់ និងលើកកិត្តិយសជាតិឲ្យកាន់តែអស្ចារ្យបន្ថែមទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia pp