CamNews

ព័ត៌មានជាតិ 

សាលារាជធានីភ្នំពេញ៖ ការស្នើសុំតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ ពុំត្រូវបានអនុញ្ញាតជូនទេ

(ភ្នំពេញ)៖ លិខិតរបស់សាលារាជធានីភ្នំពេញ ផ្ញើជូនតំណាងរាស្រ្តគណបក្សប្រឆាំង ខេត្តតាកែវ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ការស្នើសុំតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ អាជ្ញាធរសាលារាជធានីភ្នំពេញ ពុំត្រូវបានអនុញ្ញាតជូននោះទេ។

ការចេញលិខិតរបស់សាលារាជធានីភ្នំពេញ នៅពេលនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំធ្វើរូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យពីសំណាក់តំណាងរាស្រ្តខេត្តតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ។

សាលារាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងលិខិតថា៖ «កន្លងមកមានប្រជាពលរដ្ឋយើងពិសេសមន្រ្តីរាជការ និងយុទ្ធជនជាច្រើនបានពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុឯករាជ្យ មាតុភូមិ បូរណភាពដែនដី និងអធិបតយ្យភាពជាតិ ហើយយើងបានលើកតម្កើងគុណបំណាច់ និងស្នាដៃរបស់ពួកគាត់ដោយគ្រាន់តែ បានសាងនូវស្តូបអនុស្សាវរីយ៍រំលឹកគុណជានិមិត្តរូបតែប៉ុណ្ណោះ ដោយពុំមានការកសាងរូបសំណាកលក្ខណៈបុគ្គលនោះទេ។ ដូច្នេះការស្នើសុំបង្កើតរូបសំណាកបុគ្គលណាម្នាក់ តម្កល់នៅតាមទីសាធារណៈ លុះត្រាតែមានលក្ខណៈវិនិច្ឆ័យឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ»

ខាងក្រោមនេះជាលិខិតរបស់សាលារាជធានីភ្នំពេញ៖


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: social news local news