CamNews

ព័ត៌មានជាតិ 

បំបែក សំណុំរឿងឃាតកម្ម រឹតកសម្លាប់ យកសពច្រកការ៉ុង ទម្លាក់ចោល ក្បែរប្រឡាយទឹក

ភ្នំពេញ៖ ឃាតកម្មរឹតកសម្លាប់បុរសម្នាក់យកទៅបោះចោល ក្បែរប្រឡាយទឹកតាមបណ្ដោយផ្លូវលេខ​៣៧១ ក្នុង  ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នោះ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និង លាតត្រដាងការពិតហើយ។ កម្លាំង​កង​​រាជអាវុធហត្ថ ក៏បានឈានទៅ យករថយន្តជនរងគ្រោះ ដែលត្រូវជនសង្ស័យយកទៅបញ្ចាំនៅខេត្តកណ្តាលផងដែរ។

យោងតាមប្រភពពីសមត្ថកិច្ច បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០១៥ ឲ្យ ដឹងថា ក្រោយកើតករណីនេះ កម្លាំងសមត្ថកិច្ចចម្រុះបានស្វះស្វែងស្រាវជ្រាវ និងឈានដល់​ការឃាត់ខ្លួនជន សង្ស័យម្នាក់ ហើយក៏ឈានទៅរកឃើញរថយន្តជនរងគ្រោះ ដែលត្រូវជនសង្ស័យ​ទៅបញ្ចាំនៅកន្លែងវេរប្រាក់វីង  នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច រថយន្តកាមរីឆ្លាម ស៊េរីឆ្នាំ២០០៧ របស់ជនរងគ្រោះ ត្រូវបានជនសង្ស័យ​យកទៅ  បញ្ចាំចំនួន ៥.០០០ដុល្លារ។ សមត្ថកិច្ច បានបញ្ជាក់ថា ករណីឃាតកម្មនេះ ជាការធ្វើ​ឃាតប្លន់យកទ្រព្យសម្បត្តិ  មិនមែនជាករណីអ្វីផ្សេងនោះទេ។

បើតាមសមត្ថកិច្ច ក្រៅពីរថយន្ដ ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើ និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀនពេជ្រ  ក៏ត្រូវបានគេប្លន់យកផងដែរ។

សូមបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ត្រូវបានគេប្រទះឃើញក្បែរប្រ​ឡាយ​ទឹកតាម បណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០  ១៥។ ជនរងគ្រោះ មានលំនៅឋានក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះទើបនឹង  បានបួសមុខភ្លើងសងគុណឪពុកម្ដាយ នាពេលថ្មីៗនេះផងដែរ។

មុនពេលឈានដល់ប្រទះឃើញសព ជនរងគ្រោះបានបាត់ដំណឹងមួយយប់ មិនឃើញចូលផ្ទះទេ បន្ទាប់​ពីទៅ ចូលរួមមង្គលការនៅកោះពេជ្រ ហើយទូរស័ព្ទក៏ហៅមិនចូលផងដែរ។ ជនរងគ្រោះ ជាបុគ្គ​លិក​នៅក្រុមហ៊ុនកាក់ វ៉ៃហួ និងជាអ្នករត់ការឯកសារនៅក្រសួងពាណិជ្ជកម្ម៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP