CamNews

កំសាន្ត 

ខៀវ សុខារ៉ាវី បង្ហាញ​មុខ កូនប្រុស​ជា​សាធារណៈ ក្នុង​ថ្ងៃខួបកំណើត

ភ្នំពេញៈ អតីតតារាម្តែង ធ្លាប់មានឈ្មោះបោះសំឡេង អ្នកនាង ខៀវ សុខារ៉ាវី កន្លងមកធ្លាប់មានព័ត៌មាន ច្បាស់ការលេចឮថា នាងផ្អាកពីសិល្បៈ ទៅសម្ងំរស់នៅលើ គំនរទ្រព្យសម្បត្តិ ជាមួយស្វាមីលាក់មុខ មានពាក់ផ្កាយលើស្មា រហូតដល់មានកូនប្រុសម្នាក់។ បើទោះជាមានព័ត៌មានច្បាស់ការ បែបនេះក៏ដោយ ក៏តារាស្រី ខៀវ សុខារ៉ាវី បានចេញមុខប្រតិកម្ម យ៉ាងពេញទំហឹង និងប្រកែកថា នាងមិនមានកូន ដូចការផ្សព្វផ្សាយព័ត៌មាននោះទេ។ ប៉ុន្តែនៅទីបំផុត អ្វីៗគ្រប់យ៉ាង បានលាតត្រដាង ការពិតទាំងអស់ ក្រោយពីម្ចាស់សាម៉ីខ្លួន បានរំលេចរូបថតជាច្រើនសន្លឹក ក្នុងន័យបង្ហាញវត្តមាន កូនប្រុស របស់នាងជាសាធារណៈ ក្នុងថ្ងៃខួបកំណើត។

កាលពីពេលថ្មីៗនេះ អតីតតារារូបស្រស់ ធ្លាប់ឆ្លងកាត់ស្នេហា ទឹកភ្នែកទឹកសំបោរ ជាមួយតារាសម្ដែង លោក ស៊ុក សុភា និងនិយមតែងខ្លួន បែបនារីស្រគត់ស្រគំ អ្នកនាង ខៀវ សុខារ៉ាវី បានរំលេចរូបថតជាច្រើនសន្លឹក នៅលើ Facebook ផ្ទាល់ខ្លួនរបស់នាង ដោយនៅក្នុងនោះ ខៀវ សុខារ៉ាវី បានសរសេរសារ បញ្ជាក់យ៉ាងច្បាស់ថា “ Surprised Birthday in my Son’s Class Happy Birthday honey Mak, Wish u with all the best n may god bless u always.... with all my love ” មានន័យថា “ធ្វើខួបកំណើត ឲ្យកូនប្រុសសំណព្វចិត្ត នៅក្នុងថ្នាក់រៀន , ជូនពរឲ្យកូនបានជួបអ្វីដែលល្អ ជាមួយការស្រឡាញ់ ពេញបេះពីម៉ាក់…”។

ទាក់ទងនឹងការសម្ញែង រូបភាពទាំងអស់នេះ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ត្រូវបានទស្សនិកជន ចាត់ទុកថា ជាចេតនា របស់អតីតតារាស្រី ធ្លាប់មានឈ្មោះល្បី ក្នុងអាជីពជាតារាសម្តែង អ្នកនាង ខៀវ សុខារ៉ាវី មានបំណងចង់ទម្លាយ អាថ៌កំបាំងរឿង មានកូនប្រុសលួចលាក់ ជាមួយមន្ត្រីពាក់ផ្កាយមាន ទាំងឋានៈសម្បូរទាំងទ្រព្យ ព្រោះថានាពេល កន្លងមក ឲ្យតែមានការផ្សព្វផ្សាយ ព័ត៌មានទាក់ទងនឹងការមានកូន ជានិច្ចកាល តារារូបនេះ ក៏ដូចជាម្ដាយរបស់នាង តែងតែបញ្ចេញប្រតិកម្ម មិនពេញចិត្ត និងតែងតែចោទថាអ្នកសារព័ត៌មាន សរសេរព័ត៌មានបំភ្លើស គ្មានការពិត ធ្វើឲ្យនាងមានការអាប់ឱនកេរ្តិ៍ឈ្មោះ។

នៅទីបំផុតដូចពាក្យចាស់ លោកពោលថា “ក្រដាសមិនអាចខ្ចប់ ភ្លើងជិតទេ” យូរនិងឆាប់ភ្លើងនោះ នឹងឆាបឆេះក្រដាសទម្លាយអាថ៌កំបាំង ជាសាធារណៈ ទៅដល់ទស្សនិកជន និងអ្នកតាមដានជាមិនខាន ។ ពេលនេះរឿង ខៀវ សុខារ៉ាវី ធ្លាប់តែប្រកែកការពារខ្លួនថា ល្អស្អាកស្អំនោះ បានទម្លាយការពិតហើយ ក្រោយពីម្ចាស់សាម៉ីខ្លួន បានប្រកាសក្តែងៗថា ការរៀបចំពិធីជប់លៀង ខួបកំណើតឲ្យកូនប្រុសរបស់នាង កាលពីពេលថ្មីៗនេះ។

បើទោះជាមានការបង្ហាញ ដោយបើកចំហរទទួលស្គាល់ថា មានកូនប្រុសបែបនេះក្តី LookingTODAY ក៏បានព្យាយាមទាក់ទងទៅ តារាស្រីរូបស្អាតទម្រង់មុខមូល អ្នកនាង ខៀវ សុខារ៉ាវី ដើម្បីសាកសួរការពិត ប៉ុន្តែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ មិនអាចទាក់ទងបាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news