CamNews

ព័ត៌មានជាតិ 

ទារកអាយុ ៨ ខែម្នាក់ស្លាប់ និងមនុស្សប្រុស-ស្រី ៤ នាក់ទៀត របួសធ្ងន់ ដោយសារ គ្រោះថ្នាក់ ចរាចរ នៅកៀន

កណ្តាល : ទារកអាយុ ៨ ខែម្នាក់ បានរបូតធ្លាក់ពីដៃម្តាយ ទៅលើថ្នល់ រងរបួសធ្ងន់ធ្ងរ ហើយដឹកបញ្ជូន ទៅសង្គ្រោះ តែអកុសលស្លាប់យ៉ាងអាណោចអាធម ពេលទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា នឹងមនុស្ស ប្រុស-ស្រី ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៤ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ហេតុការណ៍ដ៏អាណោចអាធមនេះ កើតឡើង ដោយសាររ៉ឺម៉កកង់បី ជិះបុកគ្នាជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យទារកធ្លាក់ពីដៃម្តាយបោកក្បាលនឹងថ្នល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

តាមសាក្សីឃើញហេតុការណ៍ គ្រោះចរាចរណ៍នេះ បាននិយាយថា រ៉ឺម៉កម៉ូតូកង់បី ធ្វើដំណើរក្នុងទិសដៅ ពីអ្នកលឿងមកភ្នំពេញ មកដល់ចំណុចកើតហេតុ មិនដឹងជាមានកើតហេតុអី ក៏ត្រូវម៉ូតូសេ១២៥ ដែល បើកបរក្នុងទិសដៅច្រាសគ្នា មកបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ដែលអង្គុយលើរ៉ឺម៉ក ម៉ូតូ ធ្លាក់កូនប្រុស ដែលមានអាយុទើបតែ ៨ខែ បោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ព្រមទាំងអ្នក បើកម៉ូតូ និងអ្នកជិះលើរ៉ឺម៉កម៉ូតូ រងរបួសគ្រប់គ្នា ។

ភ្លាមៗនោះផងដែរ លោក ហង្ស ផាន់ណារ៉ា នាយផ្នែកចរាចរណ៍ ដោយទទួលបញ្ជាពីអធិការរង ទទួល បន្ទុកសណ្តាប់ធ្នាប់ ចរាចរណ៍ស្រុកកៀនស្វាយ ក៏បានចុះមកអន្តរាគន៍ ហៅរថយន្តសាមុយ ដឹកទារក នោះ ក៏ត្រូវបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យគន្ឋបុប្ផា ដើម្បីសង្គ្រោះបន្ទាន់ ហើយក៏ត្រូវបានស្លាប់បាត់ បង់ជីវិត ខណ:មកដល់មន្ទីរពេទ្យ ។ លោក ហង្ស ផាន់ណារ៉ា បានបញ្ជាក់ថា ចំពោះជនរងគ្រោះ និង ទារកដែលស្លាប់នោះ មិនស្គាល់អត្តសញ្ញាណនោះទេ ។

លោក ហង្ស ផាន់ណារ៉ា បានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី និងម៉ូតូ សេ ១២៥ បណ្តាលឲ្យទារកម្នាក់ស្លាប់ និងមនុស្សប្រុស-ស្រី ៤នាក់ទៀត រងរបួសរណូករណែលនេះ គឺ បណ្តាលមកពីការបើកបរលឿន មិនមានប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យបុកគ្នាចំពីមុខពេញទំហឹងតែម្តង ។ បច្ចុប្បន្នម៉ូតូកង់បី និងម៉ូតូ ត្រូវបានបញ្ជូនយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយជាក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh