CamNews

ព័ត៌មានជាតិ 

បាក់ផ្ទះដល់ទៅ ៣៤ ខ្នង​ ស្លាប់ និង របួស ដោយសារខ្យល់កន្រ្ដាក់ កើតឡើងនៅខេត្ដបាត់ដំបង

បាត់ដំបង ៖ មនុស្សវ័យចំណាស់ម្នាក់បានស្លាប់ ក្មេងម្នាក់រងរបួសធ្ងន់ និងលំនៅដ្ឋានចំនួន៣៤ខ្នង ខូចខាតដោយ សារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅក្នុងឃុំអំពិ៥ដើម ស្រុក បវេល ខេត្តបាត់ដំបង។

តាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅល្ងាចថ្ងៃអង្គារនេះ បានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ មានខ្យល់កន្ត្រាក់កំណាចមួយ បានកើតឡើងបោក បក់ទៅលើផ្ទះ របស់ប្រជាពលរដ្ឋ ដែលរស់នៅដាច់ស្រយាល គឺភូមិបឹងស្នួល ឃុំអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ ដំបង ដែលនៅជិតព្រំប្រទល់ស្រុកភ្នំព្រឹក ។

សមត្ថកិច្ចបាបបន្តថា ខ្យល់កន្ត្រាក់មួយនេះ បានធ្វើឲ្យមនុស្សចាស់ម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង មានឈ្មោះ ហេង ស៊ីម ភេទស្រី អាយុ៦៤ឆ្នាំ ខណៈដែលជងរងគ្រោះ បាន និង កំពុងតែសម្រាក នៅក្រោមផ្ទះរបស់ខ្លួន ហើយពេលនោះស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំង បុកបំប៉ើងយ៉ាងពេញទំហឹងចំផ្ទះរបស់ គាត់ បណ្តាលឲ្យរលំសង្កត់ពីលើរូបគាត់ ក្នុងនោះក៏មានកុមារីម្នាក់ទៀត ឈ្មោះ ណាក់ ដាវ អាយុ៧ឆ្នាំ បានរងរបួស ធ្ងន់ ដោយសារជើងតាងផ្ទះសង្កត់ពីលើ នឹងត្រូវដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យជាមួយគ្នាផងដែរ ។ 

សមត្ថកិច្ចស្រុកបវេល បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋ ចំនួន១៤គ្រួសារ ត្រូវបាត់បង់ ទីជម្រក ដោយសារផ្ទះរបស់គាត់ ត្រូវដួលរលំដល់ដីតែម្តង ហើយផ្ទះចំនួនជាង ២០ខ្នងទៀត ត្រូវរងនូវផលប៉ះពាល់ គ្រាន់តែប៉ើងដំបូល ។ ក្រោយហេតុការណ៍ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយអាជ្ញាធរដែនដី ចុះជួយអន្តរាគមន៍ ភ្លាមៗ ដោយបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក៏បានស្លាប់ បាត់បង់ជីវិតម្នាក់ ហើយនឹងត្រូវ​ដឹក​សព យកមកប្រគល់ជូន ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា នេះគឺជាលើកទី១ហើយ សម្រាប់រដូវប្រាំងក្នុងឆ្នាំ២០១៥នេះ ដែលនៅភូមិស្រុកដាច់ ស្រយាលបានទទួលរងគ្រោះ ដោយខ្យល់កន្ត្រាក់បែបនេះ ក្នុងនោះអាជ្ញាធរស្រុក ក៏បានធ្វើការអំពាវនាវដល់ប្រជាពល រដ្ឋទូទៅ សូមឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះគ្រោះធម្មជាតិទាំង​ឡាយ នៅពេលមុន និងក្រោយបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ ជាពិសេសខ្យល់កន្រ្តាក់ អាចនឹងកើតមានឡើងជាយថាហេតុ ដែលបណ្តាលឲ្យមានការប៉ះពាល់ ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអាយុជីវិតទាំងមនុស្ស សត្វ និងទ្រព្យសម្បត្តិថែមទៀតផង ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompong Cham